ភ្នំពេញ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមការងារសមយុទ្ធនាគមាសឆ្នាំ២០២០ ដឹកនាំដោយលោកវរសេនីយ៍ឯកពិសេស ចាង យ័នសុង (Zhang Yun Song) នាយសេនាធិការសម្ព័ន្ធអង្គទ័ពលេខ៧៥ កងទ័ពជើងគោកនៃកងទ័ពរំដោះប្រជាជនចិន ចូលជួបសំណេះសំណាលសម្ដែងការគួរសម នៅបន្ទប់សវនាការ អគ្គបញ្ជាការដ្ឋាន នៅរសៀលថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០១៩។
នាឱកាសនោះដែរ អគ្គមេបញ្ជាការ បានថ្លែងថា កម្ពុជាមានសន្តិភាព មានការអភិវឌ្ឍន៍ កងយោធពលខេមរភូមិន្ទក៏មានការរីកចម្រើនផងដែរ។ នាយឧត្ដមសេនីយ៍ បានបន្តលើកឡើងថា កន្លងមកកងទ័ពកម្ពុជា និងចិនបានហ្វឹកហ្វឺនជាមួយគ្នា រហូតដល់ការធ្វើសមយុទ្ធរួមគ្នាដើម្បីលើកកម្ពស់ជំនាញបម្រើឱ្យកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្ម និងមនុស្សធម៌។
នាយឧត្តមសេនីយ៍ បានថ្លែងអំណរគុណដល់ភាគីមិត្តចិន ដែលបានជួយបណ្ដុះបណ្ដាលធនធានមនុស្ស នៃកងយោធពលខេមរភូមិន្ទជាច្រើនផងដែរ។ ជាមួយគ្នានោះ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានសំណូមពរដល់ភាគីមិត្តចិនបន្តជួយបណ្ដុះបណ្ដាលធនធានមនុស្ស នៃកងយោធពលខេមរភូមិន្ទបន្ថែមទៀត និងបានជូនពរដល់ដំណើរទស្សនកិច្ចរបស់ប្រតិភូ ក្នុងការសិក្សាស្រាវជ្រាវរៀបចំសមយុទ្ធនាគមាសឆ្នាំ២០២០ ប្រកបដោយជោគជ័យ៕