ខេត្តកណ្ដាល៖ បុរសម្នាក់ជាអ្នកបើកបររថយន្ដម្នាក់ សង្ស័យងងុយដេក បើករថយន្ដបុករ៉ឺម៉កដែលចតលើចិញ្ចើមផ្លូវ បណ្ដាលម្ចាស់រ៉ឺម៉ករងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង១៤ និង១០នាទី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ លើផ្លូវលេខ២៦១ ស្ថិតក្នុងភូមិព្រែកឫស្សី ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលចរាចរណ៍ស្រុកមុខកំពូលបានឲ្យដឹងថា រថយន្ដបើកបុករ៉ឺម៉កម៉ាក ម៉ាស់ស្ដា (២បាំង) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AU-4678 បើកបរដោយឈ្មោះ សាន្ត វណ្ណឌីភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាងពិដាន មានទីលំនៅផ្ទះលេខ១៣៧ច ផ្លូវលំ ភូមិដើមគរ សង្គាត់ព្រែកតាសេក ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះជាម្ចាស់រ៉ឺម៉កឈ្មោះ ប្រាក់ ប្រាជ្ញ ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅភូមិព្រែកឫស្ស ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល (រងរបួសធ្ងន់) ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះបើកម៉ូតូសណ្ដោងរ៉ឺម៉កមកឈប់លើចិញ្ចើមផ្លូវ ហើយម្ចាស់ម៉ូតូសណ្ដោងរ៉ឺម៉កទៅអង្គុយលេងក្បែម៉ូតូរបស់ខ្លួនចំងាយប្រហែលជាង៣ម៉ែត្រ ខណៈនោះស្រាប់តែមានរថយន្ដម៉ាស់ស្ដា ២បាំងមួយគ្រឿង បើកក្នុងទិសដៅពីកើតទៅលិច ក៏បានមកបុកម៉ូតូសណ្ដោងរ៉ឺម៉កដែលចតលើចិញ្ចើមផ្លូវនោះ បណ្ដាលឲ្យខ្ទាតទៅប៉ះជនរងគ្រោះជាម្ចាស់រ៉ឺម៉ក ធ្វើឲ្យជនរងគ្រោះរងរបួសធ្ងន់ ។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះ ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកេតុមាលា រាជធានីភ្នំពេញ រីឯម្ចាស់រថយន្ដ និងរថយន្ដ រួមទាំងរ៉ឺម៉ក ត្រូវបានសមត្ថកិច្ចវាស់វែង និងបញ្ជូនទៅកាន់អធិការដ្ឋាននករបាលស្រុកដើម្បីចាត់ការតាមច្បាប់ ។
យោងតាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះ ដោយសារអ្នកបើកបររថយន្តម៉ាកម៉ាស់ស្ដា បើកក្នុងសភាពងងុយដេក ទើបបានជាជ្រុលទៅបុកម៉ូតូសណ្ដោងរ៉ឺម៉កកកើតមានគ្រោះថ្នាក់បែបនេះ ៕ ស្អាងជ័យ