ព័ត៌មានទាន់ហេតុការណ៍៖

ដឹកគោទៅចាក់កន្លុះក្នុងគុម្ពឫស្សី គោធាក់ត្រូវប្រដាប់ភេទបែកពងស្វាសស្លាប់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ជិវិតមនុស្សពិតជាមិនទៀង ដោយអ្នកខ្លះស្លាប់ដោយជំងឺ ខ្លះដោយគ្រោះថ្នាក់ចរាចរណ៍ ខ្លះស្លាប់ដោយការធ្វើអត្តឃាត ។ល។ ចំណែកបុរសម្នាក់នេះវិញពិតជាអកុសលណាស់គាត់ស្លាប់ដោយគោធាក់ត្រូវប្រដាប់ភេទនៅពេលយកគោទៅចាក់កន្លុះនៅគុម្ពឫស្សីតែម្នាក់ឯង ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២និង៤៥នាទីយប់ឈានចូល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ នៅភូមិទំនប់ ឃុំទំនប់ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

មន្រ្តីនគរបាលព្រហ្មទណ្ឌ ស្រុក កំពង់លែងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឃុត សុភា ភេទប្រុស អាយុ ៥៥ឆ្នាំ មានទីលំនៅភូមិទំនប់ ឃុំទំនប់ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ មុនពេលកើតហេតុ ជនរងគ្រោះដែលទំនងគិតថា ជាពេលវេលាស្ងាត់ធ្វើឲ្យគោមិនងាយភ័យច្រឡោតដូចពេលថ្ងៃ ក៏ដឹកគោស្ទាវ១ក្បាលយកទៅខ្លុះកន្លុះច្រមុះនៅនឹងគុម្ពឫស្សីពីងពង់ខាងក្រោយផ្ទះតែម្នាក់ឯង។ ពេលនោះមិនដឹងរឿងអីស្រាប់តែគោធាក់ចំប្រដាប់ភេទបែកពងស្វាស បណ្តាលឲ្យបុរសនេះប្រកាច់ស្លាប់នៅនឹងគុម្ពឫស្សីតែម្ដង ។ មួយសន្ទុះដោយបាត់ជនរងគ្រោះយូរមិនឃើញដឹកគោចូលក្រោលវិញ ក្រុមគ្រួសារទៅតាមឃើញជនរងគ្រោះដេកស្លាប់នៅក្រោយគោប្រហែល២ម៉ែត្របាត់ទៅហើយ ។

ក្រោយកើតហេតុនគរបាលជំនាញ នៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំង បានចុះទៅធ្វើកោសល្យវិច័យរួចបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារគោធាក់ចំប្រដាប់ភេទបែកពងស្វាសប្រាកដមែន រួចប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ចន្ថា


ចែករំលែក៖