ព័ត៌មានទាន់ហេតុការណ៍៖

ជនណាដែលយកបដិរូបកាកបាទក្រហមកម្ពុជា(និមិត្តសញ្ញា) ធ្វើអាជីវកម្មផ្ទាល់ខ្លួន នោះនឹងមានទោសតាមច្បាប់

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីចូលរួមក្នុងការទប់ស្កាត់ និងការការពារបដិរូបកាកបាទក្រហមកម្ពុជា ដែលជាបដិរូប(និមិត្តសញ្ញា) តំណាងឲ្យភាពមនុស្សធម៍ កាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ កាកបាទក្រហមកម្ពុជា បានបើកវគ្គបំប៉នផ្សព្វផ្សាយអំពីបដិរូប ច្បាប់មនុស្សធម៍អន្តរជាតិសម្រាប់អ្នកសារព័ត៍មាន នៅសណ្ឋាគារហ៊ី ម៉ាវ៉ារី ។

លោក រ៉ូម៉ាន់ ផារ៉ាម៉ូនូវ (Roman Paramonov)គណៈកម្មាការអន្តរជាតិកាកបាទក្រហម (ICRC) បានមានប្រសាសន៍ថា បដិរូបកាកបាទក្រហម ជាសញ្ញាសាមញ្ញមួយ ដែលងាយកំណត់សម្គាល់ និងអាចមើលឃើញពីចម្ងាយដែលគ្រប់គ្នាបានស្គាល់ ហើយសញ្ញានេះមានគោលបំណងដើម្បីការពារបុគ្គលិកមនុស្សធម៍ និងអ្នករបួសក្នុងសមរភូមិជាដើម ដែលបដិរូបនេះត្រូវបានអនុម័តប្រើប្រាស់នៅក្នុងទីក្រុងហ្សឺណែវ កាលពីខែសីហា ឆ្នាំ១៨៦៤ ក្នុងសន្នីសីទអន្តរជាតិដែលផ្ដួចផ្ដើមដោយគណៈកម្មាការអន្តរជាតិកាកបាទក្រហម (ICRC) ។ ក្រោយមក បដិរូបមួយទៀត គឺបដិរូបអឌ្ឍចន្ទក្រហមត្រូវបាន អនុម័តដាក់បញ្ជូលបន្ថែម ។ ចាប់តាំងពីឆ្នាំ២០០៥ បដិរូបមួយផ្សេងទៀតត្រូវបានបង្កើតឡើង គឺបដិរូបគ្រីស្តាល់ក្រហម ។

លោក រ៉ូម៉ាន់ ផារ៉ាម៉ូនូវ បន្តថា បដិរូបគ្រីស្តាល់ក្រហម មិនមែនបង្កើតឡើង ដើម្បីជំនួសឲ្យកាកបាទក្រហម និងអឌ្ឍចន្ទក្រហមនោះទេ តែវាបានបង្កើតឲ្យមានជម្រើសក្នុងការប្រើប្រាស់បដិរូប និងរួមចំណែកដល់ចលនាកាកបាទក្រហមទូលទាំងសកលលោក ។ មិនតែប៉ុណ្ណោះជនណាដែលយក បដិរូបកាកបាទក្រហមកម្ពុជា(និមិត្តសញ្ញា) ធ្វើអាជីវកម្មផ្ទាល់ខ្លួន នោះនឹងមានទោសតាមច្បាប់ផងដែរ ។

លោកស្រី ម៉ែននារី សោភ័ក អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា មានប្រសាសន៏ថា បដិរូបកាកបាទក្រហម អឌ្ឍចន្ទក្រហម គឺមានសិទ្ធិទទួលបានការគោរពពេញលេញ ក្រោមច្បាប់អន្តរជាតិ និងរដ្ឋភាគីនៃអនុសញ្ញាហ្សឺណែវទី ៤ ឆ្នាំ១៩៤៩ (ផ្តល់សច្ចាប័នដោយព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ ១៩៥៨) ។

សង្ខេបឲ្យខ្លី នៅក្នុងពេលមានជម្លោះប្រដាប់អាវុធ មានតែ សេវាកម្មសុខាភិបាល បុគ្គលិកសាសនា នៃកងកម្លាំងប្រដាប់អាវុធ សមាគមជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) សហព័ន្ធអន្តរជាតិនៃសមាគមជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម (IFRC) មន្ទីរពេទ្យសម្រាប់ជនស៊ីវិល អង្គភាព និងសមាគមសង្គ្រោះដោយស្មគ្រាំចិត្ត ដែលអនុញ្ញាត និងទទួលស្គាល់ដោយរដ្ឋាភិបាល អាចប្រើប្រាស់បដិរូបបាន។

(ICRC)នៅក្នុងពេលមានសន្តិភាព បដិរូបអាចត្រូវបានប្រើប្រាស់សម្រាប់តែបុគ្គលិកវេជ្ជសាស្ត្ររបស់យោធា សមាគមជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម(ICRC) និងសហព័ន្ធអន្តរជាតិនៃសមាគមជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម (IFRC).ការប្រើប្រាស់បដិរូប មិនត្រឹមត្រូវគឺត្រូវបានការផ្តន្ទាទោស ពីព្រោះវាអាចបន្ថយតម្លៃលើការការពាររបស់វា និងធ្វើឱ្យប៉ះពាល់ដល់ប្រសិទ្ធភាពនៃជំនួយមនុស្សធម៌។

យោងតាមច្បាប់អន្តរជាតិ និងច្បាប់ជាតិ (ព្រះរាជក្រឹត្យ ស្តីពីការការពារបដិរូប នៃព្រះរាជាណាចក្រកម្ពុជា ចុះនៅថ្ងៃទី ០៦ ខែ ឧសភា ២០០២) ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលថ្ងៃទី ១៣ កក្កដា ២០១៥ ច្បាប់ស្តីពីស្លាកសញ្ញា ឆ្នាំ ២០០២ ប្រកាសរបស់ក្រសួងសុខាភិបាលលើស្លាកសញ្ញា សម្រាប់សេវាកម្មវេជ្ជសាស្ត្រ ២៣ មីនា ២០០១ ដែលអជ្ញាធរពាក់ព័ន្ធត្រូវតែចាត់វិធានការជូនដំណឹងដល់សាធារណៈជន ក្រុមធុរៈកិច្ច និងអង្គភាពវេជ្ជសាស្ត្រ អំពីការប្រើប្រាស់បដិរូបឲ្យបានត្រឹមត្រូវ។

គោលបំណងនៃការបើកវគ្គបំប៉នផ្សព្វផ្សាយអំពីបដិរូបនៅព្រឹកនេះ គឺដើម្បីលើកកម្ពស់ការយល់ដឹងអំពីការការពារបដិរូប និងដើម្បីចែករំលែកសកម្មភាពមនុស្សធម៌របស់ចលនាកាកបាទក្រហម នៅក្នុងប្រទេស និងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធនានា។គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) គឺជាស្ថាប័ន អព្យាក្រឹត្យ មិនលម្អៀង និងឯករាជ្យ ដែលមានបេសកម្មមនុស្សធម៌) ក្នុងការការពារជនរងគ្រោះ ដោយជម្លោះប្រដាប់អាវុធ និងស្ថានភាពហិង្សាដទៃទៀត និងធ្វើការផ្តល់សេវាជំនួយនានា។ គណៈកម្មាធិការអន្តរជាតិ កាកបាទក្រហម (ICRC) មានវត្តមាននៅក្នុងប្រទេសនេះក្នុងសមត្ថភាព និងបេសកកម្មផ្សេងគ្នាចាប់តាំងពី ១ស្សវត្សរ៍ ៦០ មកម្ល៉េះ។

បច្ចុប្បន្ននេះ កម្មវិធីចំបងគឺពាក់ព័ន្ធនឹងកម្មវិធីស្តារលទ្ធភាពពលកម្មកាយសម្បទា របស់ជនមានពិការភាព ការធ្វើឲ្យប្រសើរឡើងនូវការព្យាបាល និងការធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌរស់នៅរបស់ជនដែលបាត់បង់សេរីភាព ការផ្សព្វផ្សាយជាមូលដ្ឋាននៃច្បាប់មនុស្សធម៌អន្តរជាតិ និងកិច្ចសហប្រតិបត្តិការជាមួយកាកបាទក្រហមកម្ពុជា ដែលជាដៃគូយ៉ាងជិតស្និទ្ធិ និងជាសមាជិកនៃគ្រួសារកាកបាទក្រហម អឌ្ឍចន្ទក្រហម ៕ស តារា


ចែករំលែក៖