រហូតមកទល់ពេលនេះ អ៊ីស្រាអែល នៅមិនទាន់ បង្កើតរដ្ឋាភិបាលថ្មីបាននៅឡើយទេក្រោយការបោះឆ្នោតជុំទីពីរបានបញ្ចប់ ហើយ ប្រធានាធិបតីបានផ្តល់តួនាទីឲ្យលោកណេតាន់យ៉ាហូបន្តបង្កើតរដ្ឋាភិបាលថ្មី ។ ប៉ុន្តែលោកមិនទាន់អាច ពិភាក្សា ជាមួយគណបក្សដៃគូបានជោកជ័យដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ។
នាយករដ្ឋមន្ត្រីអីស្រាអែល កាលពីថ្ងៃទី ២១ ខែតុលា បានប្រកាស ទទួលស្គាល់ថា លោកបរាជ័យនៅក្នុងការបង្កើតរដ្ឋាភិបាលចម្រុះថ្មី ។ នេះជាការបរាជ័យយ៉ាងធំធេងចំពោះមេដឹកនាំអ៊ីស្រាអែល ក្នុងពេលដែល ប្រទេសជាតិធ្លាក់ក្នុងវិបត្តិនយោបាយថ្មី។
លោកណេតាន់យ៉ាហូ បញ្ជាក់ថា លោកបានធ្វើការមិនខ្លាចហត់នឿយ ដើម្បីបង្កើតរដ្ឋាភិបាលសមគ្គី ។ប៉ុន្តែ អតីតអគ្គមេបញ្ជាការកងទ័ពអ៊ីស្រាអែលIDF លោក Benny Gantz បានច្រានចោលជាច្រើនលើក ច្រើនសារ ។ លោកណេតាន់យាហូ បានចោទប្រកាន់លោក Gantz ពិភាក្សា ដោយមិនមានសុទិដ្ឋិនិយម ក្នុងការបង្កើតរដ្ឋាភិបាល។
នាយករដ្ឋមន្ត្រីណេតាន់យ៉ាងហូបានបញ្ជាក់ថា ជាច្រើនថ្ងៃកន្លងមក លោកបានខិតខំដើម្បីអូសទាញ លោក Benny Gantz ចូលតុពិភាក្សាបង្កើតរដ្ឋាភិបាលចម្រុះ ដើម្បីបញ្ចប់ការជាប់គាំង ឬបោះឆ្នោតជាថ្មី ។ ប៉ុន្តែលោក Benny Gantz បានបដិសេធ ម្តងហើយម្តងទៀត។
លោកណេតាន់យ៉ាហូមិនអាច បង្កើតរដ្ឋាភិបាល មុនពេលកំណត់ នៅថ្ងៃទី ២៣ ខែតុលានោះឡើយ។ លោកនឹងប្រគលអំណាចទាំងអស់ទៅឲ្យប្រធានាធិបតី Reuven Rivlin វិញ ដើម្បីរៀបចំសារជាថ្មី។ នេះជាលើកទីពីរហើយដេលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប្រកាស មិនអាចបង្កើតរដ្ឋាភិបាលបាន បើទោះបី លោកកំពុងតែ កាន់អំណាចដឹកនាំគណបក្ស Likud ដដែល។ បច្ចុប្បន្នលោកណេតាន់យ៉ា ហូ ឈានចូលវ័យ៧០ ឆ្នាំហើយនៅថ្ងៃទី២១ខែតុលានេះ ។
ក្រោយការបង្កើតរដ្ឋាភិបាលរួចរាល់ អ៊ីស្រាអែលនឹងខិតខំស្វែងរកកិច្ចព្រមព្រៀងសន្តិភាព ជាមួយប្រទេសមួយចំនួន នៅក្នុងតំបន់ឈូងសមុទ្រ ។ សកម្មភាពខាងលើរបស់អ៊ីស្រាអែល ត្រូវបានក្រុមអ្នកវិភាគលើកឡើងថា អ៊ីស្រាអែលមិនចង់ប្រឈមមុខជាមួយប្រទេសទាំងអស់នៅក្នុង តំបន់ឈូងសមុទ្រ ក្នុងនោះមានប្រទេសអារ៉ាប។
ប្រសិនបើអ៊ីស្រាអែល ចុះកិច្ចព្រមព្រៀងសន្តិភាព នោះគឺជារឿងមួយយ៉ាងងាយស្រួលបំផុតដល់ប្រទេសនេះក្នុងការពង្រីកទឹកដី កាន់តែធំឡើង ។
នៅដើម ខែតុលា រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីស្រាអែល បានថ្លែងថា អ៊ីស្រាអែលកំពុងរកមធ្យោបាយដើម្បីចុះកតិកាសញ្ញាសន្តិភាព ជាមួយនឹងបណ្តាប្រទេសសម្ព័ន្ធអារ៉ាប់ នៅក្នុងតំបន់ឈូងសមុទ្រ។ ក៏ប៉ុន្តែ ផ្លូវទៅរកសន្តិភាពនេះ ទំនងជានៅឆ្ងាយដូចជើងមេឃ ពីព្រោះថា នាពេលកន្លងមក គឺមានប្រទេសអារ៉ាប់តែពីរគត់ប៉ុណ្ណោះ ដែលបានចុះហត្ថលេខាព្រមព្រៀង មិនឈ្លានពានគ្នា ជាមួយអ៊ីស្រាអែល។
គោលបំណងស្វែងរកកិច្ចព្រមព្រៀងសន្តិភាពនេះ គឺគ្មានពន្យល់លម្អិតអ្វីច្រើនទេពីសំណាក់អ៊ីស្រាអែល គឺគ្រាន់តែរដ្ឋមន្ត្រីក្រសួងការបរទេស លោក អ៊ីស្រាអែល កាត់ស៍ (Israel Katz) បានព្រលយពាក្យប្រាប់អ្នកកាសែតពីក្រុង Jérusalem ថាលោកបានទទួលភ្លើងខៀវនិងកិច្ចគាំទ្រពីសម្ព័ន្ធមិត្តអាមេរិក ដើម្បីរកផ្លូវសន្តិភាពជាមួយបណ្តាប្រទេសនៅតំបន់ឈូងសមុទ្រពែរ្ស៍។
នៅក្នុងអង្គប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ ពីពេលថ្មីៗនេះ រូបលោករដ្ឋមន្ត្រី ក្នុងឋានៈជាប្រមុខការទូតអ៊ីស្រាអែល ក៏បានជួបជជែកជាមួយថ្នាក់ដឹកនាំប្រទេសអារ៉ាបខ្លះដែរ នៅទីក្រុងញូវយ៉ក។ បើទោះបីជាថាបានពិភាក្សាជួបប្រមុខដឹកនាំប្រទេសអារ៉ាបមួយចំនួនខ្លះមែន ប៉ុន្តែរដ្ឋមន្ត្រីក្រសួងការបរទេស អ៊ីស្រាអែល មិនបានបញ្ជាក់ថា ជួបជាមួយមេដឹកនាំប្រទេសអារ៉ាបណាមួយ ឱ្យច្បាស់នោះឡើយ។ តែគេអាចស្មានដឹងបានថា ជាមួយរដ្ឋមន្ត្រីរបស់បារែម។ ពីព្រោះកាលពីខែកក្កដាឆ្នាំ២០១៩នេះ ប្រមុខការទូតអ៊ីស្រាអែល បានជួបសមភាគីបារែម ជជែកគ្នា នៅក្រុងវ៉ាស៊ីនតោន។
តំបន់ឈូងសមុទ្រពែរ្ស៍ មានច្រើនប្រទេស ដែលសុទ្ធសឹងតែកាន់សាសនាអ៊ីស្លាម មានដូចជា Arabie saoudite, Bahreïn, Émirats arabes រួម, Koweït, Irak, Iran, Oman និង Qatar។ ក្នុងចំណោមប្រទេសទាំងនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានទៅជជែកពីរឿងសន្តិភាពនេះ ជាមួយស្តេចសូតង់ របស់ប្រទេសអូម៉ង់ ម្តងដែរ កាលពីមួយឆ្នាំមុន។
ប៉ុន្តែ តាមមើលទៅ ដំណើរស្វែងរកច្រកផ្លូវនៃកិច្ចព្រមព្រៀងសន្តិភាពជាមួយប្រទេសសម្ព័ន្ធអារ៉ាប់នេះ គឺតឹងតែខ្លាំងបំផុត ពីព្រោះថា ក្នុងចំណោមប្រទេសអារ៉ាប់ទាំងអស់នៅមជ្ឈិមបូព៌ា គឺមានតែប្រទេសពីរគត់ប៉ុណ្ណោះ គឺ អេហ្ស៊ីប និងហ្ស័កដង់ ដែលបានយល់ព្រមចុះហត្ថលេខា។ ក្រៅពីនោះ គឺគ្មានទាន់មានសញ្ញាណាវិជ្ជាមានណាមួយនៅឡើយទេ។
បញ្ហាធំ និងជាលក្ខខណ្ឌចម្បងបំផុត ប្រទេសអារ៉ាប់អ៊ីស្លាមទាំងអស់នោះ ចង់ឱ្យអ៊ីស្រាអែលធានាឱ្យបាន ការមិនជិះជាន់គាបសង្កត់ ធ្វើទុក្ខបុកម្នេញ ពលរដ្ឋប៉ាឡេស្ទីន ដែលកាន់កាន់សាសនាអ៊ីស្លាម។ គ្រាន់តែលក្ខខណ្ឌមួយនេះ គឺលំបាកខ្លាំងណាស់ទៅហើយ ពីព្រោះដូចគ្រប់គ្នាដឹងស្រាប់ ថាជនជាតិប៉ាឡេស្ទីន ត្រូវទាហានអ៊ីស្រាអែល បាញ់ស្លាប់ស្ទើររាល់ថ្ងៃនិងជាញឹកញយ នៅក្នុងការប៉ះទង្គិចគ្នាតាមព្រំដែន ពិសេសក្នុងតំបន់កាហ្សា៕