ខេត្តកំពង់ធំ៖ មន្រ្ដីជំនាញខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំកាលពីថ្ងៃទី ២១-២២ ខែតុលា ឆ្នាំ ២០១៩ បានចុះបង្ក្រាបទីតាំងស្តុកឈើ រាយប៉ាយតាមដងផ្លូវមុខផ្ទះ បែបអាណាធិបតេយ្យមួយកន្លែង ដឹកនាំលោកតុងយី ជានាយរងខណ្ឌ និងអាជ្ញាធរស្រុកប្រាសាទសំបូរ ដឹកនាំដោយ លោកម៉ាន់ សារ៉ាត់ រួមជាមួយនឹង អាជ្ញាធរ ភូមិ ឃុំ រួមជាមួយកងកម្លាំងទាំងបីប្រភេទដែលស្ថិតនៅក្នុងភូមិស្រើង ភូមិថ្មី នៃឃុំស្រើង ស្រុកប្រាសាទសំបូរខេត្តកំពង់ធំ។
លោកតុងយី នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំបានបញ្ជាក់ឲ្យដឹងថា ការចុះបង្ក្រាបនិងអនុវត្តច្បាប់ស្ដីពីព្រៃឈើ នៅថ្ងៃទី ២១និង២២នេះ គឺយោងទៅលើខ្លឹមសារអ្នកសារព័ត៌មានដែលបានចុះផ្សាយថា មានទីតាំងស្តុកឈើ លក្ខណៈអាជីវកម្មដែលស្ថិតនៅក្នុងភូមិសាស្ត្រខាងលើ កំពុងតែធ្វើចរាចរយ៉ាងគគ្រឹកគគ្រេងហើយ សម្ថត្តកិច្ច និងអាជ្ញាធរ មិនបានធ្វើការបង្ក្រាបទេ ហេតុដូច្នេះហើយទើបមានការចង្អុលបង្ហាញពីថ្នាក់ដឹកនាំខេត្តឱ្យខាងសមត្ថកិច្ចជំនាញក៏ដូចជា អាជ្ញាធរ រួមជាមួយ និងកងកំលាំងទាំងបី ធ្វើការចុះពិនិត្យដល់ទីតាំងខាងលើនេះ។
លោក ម៉ានសារ៉ាត់អភិបាលរងស្រុកប្រាសាទសំបូរ ក្នុងនាមជាអាជ្ញាធរ លោកមិនបានព្រងើយកន្តើយ នោះទេ លោកតែងតែ ធ្វើការអប់រំ ណែនាំដល់ប្រជាពលរដ្ឋទាំងអស់ឱ្យ យល់អំពីច្បាប់ប៉ុន្តែ បើយោងទៅលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ទាំងអស់ គឺជាទម្លាប់របស់ពួកគាត់ដែលធ្វើការរកទទួលទានពឹងផ្អែកទៅលើផលអនុផលព្រៃឈើ នៅតំបន់នោះ ដោយមិនមានមុខរបរអ្វីនោះទេ ទោះបីដឹងថាមុខរបស់នេះ ខុសនឹងច្បាប់ក៏ដោយ បញ្ហាទាំងអស់នេះហើយដែលលោកក្នុងនាមជាអាជ្ញាធរស្រុកតែងតែខិតខំប្រឹងប្រែងយកចិត្តទុកដាក់ដោះស្រាយយ៉ាងខ្លាំង។
បើតាមការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិខាងលើ បានបញ្ជាក់ថា ឈើដែលពួកគាត់បានកាប់យកមក សម្រាប់ ជាមុខរបរលក់ដូរចិញ្ចឹមឆ្នាំងបន្តិចបន្តួចនេះ មិនបានកាប់ចេញពីតំបន់ព្រៃសហគមន៍ឬក៏ព្រៃការពារផ្សេងៗនៅជិតក្បែរតំបន់នោះទេមិនដូចអ្វី ខាងសារព័ត៌មានបានចេញផ្សាយនោះទេ គឺលោកបានកាប់នៅតាមដីចម្ការរបស់ពួកគាត់ដែលបានធ្វើការអាស្រ័យផលហើយមានដើមឈើ នៅសេសសល់តាមព្រំចម្ការឈើទាំងអស់នោះមានដូចជា ចំបក់ ធ្លក ជ្រៃ ដើមម្លប់ និងមានព្រៃ ដោយឈើទាំងអស់នេះ ឈើខ្លះ បានច្នៃទៅជាក្តារសម្រាប់បិទបាំងជញ្ជាំងផ្ទះ របស់ពួកគាត់មួយចំនួនដែលនៅសេសសល់ បានច្នៃទៅជាអុសធ្យូងដើម្បីលក់យកលុយចិញ្ចឹម ក្រពះចំណែកឯកូនឈើមូល គឺបានធ្វើជាសរសររោងហើយនិងសេសសល់លក់ទៅឲ្យបងប្អូនដែលមានតម្រូវការ ប្រើប្រាស់ផ្សេងៗទៀត។ ហើយអ្នកភូមិគាត់ទើបតែ ធ្វើការកាប់ឈើនេះយកមកដាក់តាមផ្លូវមុខផ្ទះនៅពេលថ្មីៗនេះ គឺនៅក្រោយពេលភ្ជុំបិណ្ឌ។
បើតាមការបញ្ជាក់ពី លោក សៅ វណ្ណនី នាយផ្នែករដ្ឋបាលព្រៃឈើសណ្ដាន់បានឲ្យដឹងថា ក្នុងការចុះបង្ក្រាបនិងអនុវត្តច្បាប់ស្ដីពីព្រៃឈើ ក្នុងរយៈពេលពីរថ្ងៃនេះគឺលទ្ធផលសម្រេចបាន រឹបអូសយកឈើមូល បានចំនួន 59 កំណាត់ និងកូនឈើ ចំនួន 155 ដើមហើយក៏បានដឹក យកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំរួចរាល់ ។ ហើយលោកនៅតែបន្តចុះបង្ក្រាបដូចភ្លៀងរលឹមនៅថ្ងៃបន្តបន្ទាប់ទៀត៕ ប៊ុនរិទ្ធី