ព័ត៌មានទាន់ហេតុការណ៍៖

ចាញ់បោកមេតុងទីន វេចលុយជិត៣០មុឺនដុល្លាគេចខ្លួនបាត់ កូនៗផ្អើលរត់ទៅប្តឹងអាជ្ញាធរ

ចែករំលែក៖

ភ្នំពេញ ៖ កូនតុងទីនប្រមាណជាង៤០នាក់ ក្នុងចំណោម ជាង១០០នាក់ នាំគ្នាប្រមូលផ្តុំ ទៅប្តឹងអាជ្ញាធរ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ នេះ ក្រោយពីចាញ់បោកមេតុងទីន វេចលុយរត់គេចទៅបាត់ប្រមាណជិត៣០មុឺនដុល្លារ ។

តាមក្រុមជនរងគ្រោះ បានឲ្យដឹងថា ស្ត្រីជាមេតុងទីន ឆបោកលុយនោះ ឈ្មោះ មាស សុគន្ធា មានទីលំនៅ ភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ បានគេចខ្លួនបាត់ តាំងពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ មកម្លេះ ។ ចំណែកលុយដែលស្ត្រីសង្ស័យឆបោករត់គេចបាត់ ប្រមាណជាង២៦មុឺនដុល្លា អ្នកចូលរួមលេង ហើយរងគ្រោះ ជាង១០០នាក់ឯនោះ ។

តាមកូនៗតុងទីនរងគ្រោះបានឲ្យដឹងថា ស្ត្រីសង្ស័យឈ្មោះ មាស សុគន្ធា ជាមេតុងទីន ប្រើល្បិច ប្រមូលលុយយកខ្លួនឯង ហើយឆ្លើយថា អ្នកនេះដេញបាន អ្នកនោះដេញបាន តែធាតុពិតស្ត្រីសង្ស័យ ប្រមូលយកខ្លួនឯង ស្ងាត់ៗ ស្រាប់តែនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩កន្លងមក ជនសង្ស័យវេចលុយរត់គេចទៅបាត់ ទើបកូនតុងទីនផ្អើលឆោឡោ រត់ទៅប្តឹងអាជ្ញាធរ ទប់ស្កាត់ក្រែងជនសង្ស័យ លក់តូប លក់ផ្ទះ ទៀត ៕សុខាសែនជ័យ​


ចែករំលែក៖