ភ្នំពេញ៖ ស្ត្រីម្នាក់មានប្តី មានទាំងកូន២នាក់ទៅហើយ តែនៅចាញ់ល្បិចក្រុមទម្លាក់យោង អស់ខ្សែកមាស៧ជី ដូរបានមកវិញគ្រាប់កង់មួយកញ្ចប់ គ្រាន់ទុកបង្អួតប្តី ស្រីបានត្រឹមស្រែកយំបង្ហូរទឹកភ្នែក រត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ៣ កាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ នៅក្រោមស្ពានអាកាសថ្មើរជើង ផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។
ស្ត្រីចាញ់ល្បិចគេមានឈ្មោះ ធឹម សាមុីន អាយុ២៨ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួលភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតភូមិទួលវិហារ ឃុំស្វាយយា ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។ សម្ភារបាត់បង់ អស់ខ្សែកមាស៧ជី ជនសង្ស័យយកបានសម្រេច គេចខ្លួនបាត់ដោយសុវត្ថិភាព ។
តាមស្ត្រីរងគ្រោះ បានយំរៀបរាប់ថា គាត់មានប្តី ធ្វើការងារនៅឯក្រុងបាវិត មានកូន២នាក់ នៅឯស្រុកកំណើត ចំណែកគាត់ជាកម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួល ក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ហើយមុនកើតហេតុ ខណៈដែលទៅផ្សារព្រៃទារកទិញខោអាវជជុះបានហើយ រកទិញពងទា ក៏ជួបស្ត្រីសង្ស័យ មកសួរ មានរើសបានថង់លុយអត់ ? មានគេជ្រុះបាត់ រកតែឆ្លើយមិនទាន់ផង ក៏មានស្ត្រីសង្ស័យម្នាក់ទៀតមកប្រាប់ថា កុំមាត់ខ្លាចគេឮ ស្រាយមាត់ថង់ឲ្យមើល ឃើញលុយ មាស ក្រហមច្រាល រួចក៏នាំគ្នាជិះម៉ូតូ មកចំណុចក្រោមស្ពានអាកាសថ្មើរជើងផ្លូវជាតិលេខ៤ ជម្ពូវ័ន ដោយប្រាប់ថាយកទៅចែកគ្នា ដោះយកខ្សែកមាស ហើយប្រគល់ថង់ក្រហមមួយ នាំគ្នាគេចទៅបាត់អស់ ចាំយូរពេក ស្រាយមាត់ថង់ ពុទ្ធោ ! សុទ្ធតែគ្រាប់កង់ មួយកញ្ចប់ ទើបដឹងថាបាញ់បោក នឹកស្តាយស្រែកទហោយំ ។
ស្ត្រីរងគ្រោះ ក្រោយពីចាញ់ល្បិចក្រុមទម្លាក់យោង ត្រូវបានម៉ូតូឌុបឃើញ ឌុបនាំជូនទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ៣ ដើមម្បីឲ្យជួយស្រាវជ្រាវ និងតាមចាប់ក្រុមជនសង្ស័យ ជាមុខសញ្ញាដដែលៗ ខាងលើ ៕ សុខាសែនជ័យ