ភ្នំពេញ៖ ដោយអនុវត្តបទបញ្ជាយ៉ាងម៉ឹងម៉ាត់ និងយកចិត្តទុកដាក់ពីលោក ម៉ូវ ម៉ានិត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ និងជាអភិបាលខណ្ឌ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ កម្លាំងអធិការនគរបាលខណ្ឌសែនសុខ ក្រោមការបញ្ជាដឹកនាំផ្ទាល់ដោយ លោកវរសេនីយ៌ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌបានចុះអនុវត្តវិធានការក្តៅ បន្តចុះចាក់សោកង់រថយន្តបានជាច្រើនគ្រឿង ដែលបានចតទុកតាមបណ្តោយផ្លូវលេខ២០០៤ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនាុខ រាជធានីភ្នំពេញ បណ្តាលអោយប៉ះពាល់សណ្តាប់ធ្នាប់ របៀបរៀបរយ និងធ្វើអោយកកស្ទះចរាចរណ៍តាមដងផ្លូវ ។
លោកវរសេនីយ៌ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា បន្ទាប់ពីកម្លាំងសមត្ថកិច្ចបានចាក់សោកង់រថយន្តទាំងនោះរួច កម្លាំងជំនាញខណ្ឌបានដាក់រថយន្តសណ្តោងស្ទូចយករថយន្តបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ។
បើតាមប្រសាសន៍លោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ បានថ្លែងថា អាជ្ញាធរខណ្ឌសែនសុខ នឹងបន្តចុះអនុវត្តការងារនេះជាបន្តបន្ទាប់ទៀត ដើម្បីរំដោះចិញ្ចើមផ្លូវសាធារណៈអោយមានប្រសិទ្ធភាពបន្ថែមទៀត និងជាការក្រើនរំលឹកដល់ប្រជាពលរដ្ឋមួយចំនួនដែលមិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរខណ្ឌ ហើយខ្ញុំសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់រស់នៅក្នុងមូលដ្ឋានខណ្ឌសែនសុខ ចូលរួមសហការ ដោយត្រូវបញ្ឈប់ការយកចិញ្ចើមផ្លូវសាធារណៈប្រើប្រាស់ជាប្រយោជន៌ផ្ទាល់ខ្លួន ទាំងការចតរថយន្ត ការសាងសង់សំណង់គ្រប់ប្រភេទ និងការដាក់តាំងលក់ទំនិញ សម្ភារផ្សេងៗរំលោភលើចិញ្ចើមផ្លូវសាធារណៈធ្វើអោយបាត់បង់សណ្តាប់ធ្នាប់សាធារណៈ និងសោភ័ណ្ឌភាពក្នុងរាជធានីភ្នំពេញ ។
ជាចុងក្រោយ រដ្ឋបាលខណ្ឌសែនសុខសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋរបស់យើងចូលរួមសហការជាមួយអាជ្ញាធរខណ្ឌ អោយទទួលបានលទ្ធផលល្អប្រសើរ ៕ ចន្ទ លីហ្សា