ភ្នំពេញ៖ លុយចំនួន៤៩,០០០ដុល្លារត្រូវបានចោរ១ក្រុមធ្វើសកម្មភាពគាស់យកចេញពីទូដែកមួយដែលទុកនៅក្នុងបន្ទប់ធ្វើការរបស់បុរសជនជាតិចិនម្នាក់ក្នុងអគាររោងចក្រកាត់ដេរមួយកន្លែងយីហោ«ហ្រ្គីន ហ្វៀល ខេមបូឌា អុិនដាស់ស្ទ្រីល ឯ. ក»។បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលា ម៉ោង៧ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ហើយរោងចក្រកាត់ដេរខាងលើ មានទីតាំងស្ថិតនៅក្នុងភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនរងគ្រោះដែលជាម្ចាស់លុយខាងលើនោះជាជនជាតិចិននិងត្រូវបានគេស្គាល់ឈ្មោះLI QIANG ភេទប្រុសអាយុ៤១ឆ្នាំ កាន់លិខិតឆ្លងដែនលេខ៖G52007632 ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១ ។បច្ចុប្បន្នស្នាក់នៅក្នុងអគាររោងចក្រ ស្ថិតនៅក្នុងភូមិកើតហេតុខាងលើ ហើយគាត់បានលុយចំនួន៤៩,០០០ដុល្លារអាមេរិក។
តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែតុលា បុរសរងគ្រោះរូបនេះបានយកលុយចំនួន៨ម៉ឺនដុល្លារទៅទុក នៅក្នុងទូដែកមួយនោះ ដែលស្ថិតនៅក្នុងបន្ទប់ធ្វើការរបស់គាត់។លុះដល់ថ្ងៃទី២១ ខែតុលា មុនពេលកើតហេតុ១ថ្ងៃគាត់ទៅបានដកយកលុយនោះមកវិញចំនួន៣១,០០០ដុល្លារ យកទៅចំណាយលើការងារផ្សេងៗក្នុងរោងចក្ររបស់ខ្លួនគាត់។ចំណែកលុយដែលនៅសល់ពីការដកចេញខ្លះនោះចំនួន៤៩,០០០ដុល្លារគាត់បានរក្សាទុកនៅក្នុងទូដែកនោះវិញ ដដែល ហើយក៏មិនដឹងថាពេលដកនោះមាននរណាខ្លះស្ថុតនៅក្បែរគាត់បានឃើញលុយដែរឬអត់នោះឡើយ។
ប្រភពដដែលបានបន្តថា គាត់បានចាក់សោរទូដែកនិងសោរបន្ទប់យ៉ាងត្រឹមត្រូវមុននិងចាកចេញពីបន្ទប់ហើយមិនបានដឹងថាចោរចូលទៅលួចតាំងពីពេលណាមកទេ រហូតមកដល់វេលាម៉ោង៧ព្រឹកថ្ងៃទី២២ ខែតុលា ពេលដែលគាត់ចូលទៅដល់ក្នុងបន្ទប់ធ្វើការស្រាប់តែឃើញឥវាន់រប៉ាត់រប៉ាយហើយទូដែកមានស្នាមគាស់និងបាត់លុយអស់រលីងបាត់ទៅហើយ ។ ខណៈនោះគាត់បានហៅប្រធានរដ្ឋបាលរោងចក្រឲ្យទៅជួយមើលជាក់ស្ដែងរួចដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលកន្ទោក ដើម្បីជួយស្រាវជ្រាវបន្ទាន់ភ្លាមៗដែរ ៕ សុខាសែនជ័យ