ព័ត៌មានទាន់ហេតុការណ៍៖

បុរសរត់ម៉ូតួឌុបម្នាក់ត្រូវរថយន្តមន្រ្តីនគរបាលពន្ធធនាគារខេត្តបន្ទាយមានជ័យបុកស្លាប់

ចែករំលែក៖

ប៉ោយប៉ែត៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូកាលពីវេលាម៉ោង៨:៤០នាទីយប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ នៅខាងលិចខារ៉ាអូខេចំការស្វាយប្រហែល៣០ម៉ែត្រ ស្ថិតនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចមូលដ្ឋានថា ជនរងគ្រោះដែលបានស្លាប់ បានជិះម៉ូតូម៉ាកសង់ឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ស្លាកលេខ បន្ទាយមានជ័យ1L 0630 ជិះពីទិសខាងត្បួងទៅជើង ហើយរថយន្តបង្កហេតុបានជិះពីទិសខាងជើងទៅខាងត្បួង (បញ្ច្រាសទិសគ្នា) ក្នុងល្បឿនលឿន លុះដល់កន្លែងកើតហេតុបានបុកគ្នាជាមួយម៉ូតូតែម្តង។

ជនរងគ្រោះ ឈ្មោះណាំ យី ភេទប្រុស មានទីលំនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ចំណែកអ្នកបើករថយន្តបង្កហេតុមានឈ្មោះថា ព្រុំ សុខ អាយុ៣៤ ឆ្នាំ ជាមន្រ្តីនគរបាលពន្ធនាគារខេត្តបន្ទាយមានជ័យ បច្ចុប្បន្នរស់នៅ ក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ប្រភពដែលឃើញហេតុការបានឲ្យដឹងថា គេឃើញបុរសម្នាក់បើកបររថយន្តចង្កួតស្តាំម៉ាក អុីសូសូ ឌីមិច ( D MAX ) ពណ៌ ស ពាក់ស្លាកលេខ BMC 0207 បានបោះប៊ួយយ៉ាងលឿនពីទិសខាងជើងទៅត្បួង លុះមកដល់កន្លែងកើតហេតុក៏បានរ៉េចង្កួតទៅបុកម៉ូតូពេញទំហឹង បន្ទាប់មកបានព្យាយាមបើកគេចខ្លួនតែត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចាប់ឃាត់បានជនបង្ករភ្លាមៗផងដែរ និងបានយកទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានក្រុងប៉ោយប៉ែតទាំងយប់ ។

ជនបង្ករដែលជាម្ចាស់រថយន្តនៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ អធិការរងទទួលបន្ទុកផ្នែកចរាចរណ៍បានប្រាប់ថា ខាងជំនាញរបស់លោក កំពុងសួរនាំនិងដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕ វណ្ណា


ចែករំលែក៖