ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីម្នាក់ ខឹងគេជួលម៉ូតូខ្លួនយកទៅលក់បាត់ ក៏ចាប់បង្ខាំងបុរសម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក  បានឃាត់ខ្លួនស្រ្តីម្នាក់ បន្ទាប់ពីគាត់បានចាប់ខ្លួនបុរសម្នាក់ យកទៅបង្ខាំងក្នុងបន្ទប់ ដើម្បីបង្ខំឲ្យប្រពន្ធជនរងគ្រោះយកប្រាក់មកសង កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង០៧ និង៣០នាទីព្រឹក  ត្រង់ចំណុចក្នុងបន្ទប់ផ្ទះលេខ ៤A ផ្លូវលេខ៨៦ ភូមិទី២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ស្រ្តីសង្ស័យឈ្មោះ ចាន់ បុប្ផា  អាយុ ៥១ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ដូរ ស្នាក់នៅទីតាំងខាងលើ ។ ចំណែកជនរងគ្រោះឈ្មោះ ហាប់ សុបព្រី ភេទប្រុស អាយុ២៥ ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរជាង សំណង់ស្នាក់ នៅផ្ទះគ្មានលេខផ្លូវលំ ភូមិទី១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

យោងតាមមន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង២រសៀល ស្រ្តីជាប់សង្ស័យ បានជួលម៉ូតូ ម៉ាកC100 កូរ៉េ ពណ៌ទឹកក្រូច មិនចាំស្លាកលេខ ទៅឲ្យជនរងគ្រោះ ឈ្មោះ ហាប់ សុបព្រី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ដោយថ្លៃឈ្នួលជួល ១៥,០០០រៀល ក្នុងមួយថ្ងៃ ដើម្បីយកទៅរត់ឌុប យកប្រាក់ ទៅមើលប្រពន្ធ មានជំងឺ ។ បន្ទាប់មក ដោយខ្វះខាត និងត្រូវការប្រាក់មើលប្រពន្ធមានជំងឺនោះ ជនរងគ្រោះ ក៏បានយកម៉ូតូដែលជួលពីស្រ្តីសង្ស័យនោះ ទៅលក់បានប្រាក់ចំនួន ១៥០,០០០៛ ហើយគេចខ្លួនបាត់ ។

ប្រភពដដែលបន្តថា រហូតដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០១៩ វេលាម៉ោងប្រហែល ៣និង៣នាទីរសៀល ទើបស្រ្តីសង្ស័យ បានដឹងថាជនរងគ្រោះយកម៉ូតូរបស់ខ្លួនទៅលក់នោះ គាត់ក៏បានទៅឃាត់ខ្លួនជនរងគ្រោះ នៅចំណុចក្បែររបង មជ្ឈមណ្ឌលលាងឈាម ផ្លូវលេខ៩៣ ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងនាំជនរងគ្រោះយកចាក់សោទុក នៅក្នុងបន្ទប់ផ្ទះលេខ៤A ផ្លូវ៨៦ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញរបស់ខ្លួន ដើម្បីទាក់ទងប្រពន្ធឲ្យរកលុយសងខ្លួនវិញ ព្រោះជនរងគ្រោះបានយកម៉ូតូរបស់គាត់ទៅលក់ ។

ក្រោយមកប្រពន្ធជនរងគ្រោះ បានប្តឹងទៅសមត្ថកិច្ចឲ្យជួយធ្វើអន្តរាគមន៍ ទើបសមត្ថកិច្ចទទួលបានព័ត៌មាននេះ បានចុះដល់ទីតាំងខាងលើ ហើយឃាត់ខ្លួនជនសង្ស័យ និងនាំជនរងគ្រោះ យកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ស្រះចកតែម្តង ៕ស តារា


ចែករំលែក៖