ព័ត៌មានទាន់ហេតុការណ៍៖

សិស្សប៊ែលធីថ្នាក់ភាសាអង់គ្លេសទូទៅចំនួន៧៣០នាក់ ទទួលវិញ្ញាបនបត្រប៊ែលធី និងវិញ្ញាបនបត្រ “តេស្តអន្តរជាតិ IELTS (អាយអិល)” ពិន្ទុចាប់ពី ៥.០ឡើងទៅចំនួន៧៨នាក់

ចែករំលែក៖

ភ្នំពេញ ៖ ព្រឹក​ថ្ងៃ​ទី​២៦​ ខែ​តុលា ឆ្នាំ​២០១៩ សា​លា ប៊ែល​ធី​ អន្តរ​ជាតិ​ បាន​ប្រា​រព្ធ​​ពិ​ធី​ប្រ​គល់​វិ​ញ្ញា​បន​បត្រ​ជូនដល់​សិស្ស​ភា​សា​អង់​គ្លេស​ទូ​ទៅ Level  6 ជំនាន់ទី៥១ – ៥២ និង​ Level  12 ជំនាន់ទី៥០ ចំ​នួន ៧៣០នាក់ នៅ​សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី ​អន្តរ​ជាតិ​ទី១    ​(ទួល​ស្លែង)​ ក្រោម​អ​ធិប​តី​ភាព​ដ៏ខ្ពង់ខ្ពស់ ​ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយក ប៊ែលធី គ្រុប និង លោកជំទាវ

លោក ចាន់ ទីតា ប្រធាននាយកដ្ឋានភាសាអង់គ្លេសទូទៅបានឱ្យដឹងថា​ សាលា ប៊ែលធី​ អន្តរជាតិ មាន ២២សាខា​​ ក្នុងនោះ ២០សាខាកំពុងដំណើរការ និង ២សាខាកំពុងសាងសង់ ដែលមានសិស្សកំពុងសិក្សាជាង ៤៨,០០០នាក់។ កន្លងមក សាលាក៏មានសិស្សភាសាអង់គ្លេសទូទៅដែលបញ្ចប់ Level 12 ទាំង ៥០ជំនាន់ ចំនួន ៦,២៧នាក់ ក្នុងនោះប្រឡងជាប់ ”តេស្តអន្តរ​ជាតិ IELTS” ពិន្ទុចាប់ពី ៥.០ឡើងទៅ ចំនួន ៤,៥១៩នាក់ ស្មើនឹង ៧១.៩៩%។ កម្មវិធីភាសាអង់គ្លេសទូទៅ (ESL Program) ត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំងលើគ្រប់មុខវិជ្ជា ដោយសិក្សារយៈពេល ៩ឆ្នាំ ចាប់ពី Preschool 1- 6 និង Level 1-12 ។ នៅពេលបញ្ចប់ Level 12 សិស្សត្រូវប្រឡងតេស្តអន្តរជាតិ “IELTS និងត្រូវទទួលបានវិញ្ញាបនបត្រពីរចំពោះសិស្សបានពិន្ទុចាប់ពី 5.0 ឡើងទៅគឺ វិញ្ញាបនបត្រចេញដោយប៊ែលធី (BELTEI ESL Diploma) និងវិញ្ញាបនបត្រតេស្តអន្តរជាតិ “IELTS ចេញដោយក្រុមប្រឹក្សាភាសាអង់គ្លេស (British Council) នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ ចំពោះសិស្សដែលបានពិន្ទុពី 7.5 ឡើងទៅនឹងទទួលបានអាហារូបករណ៍ឧកញ៉ា លី ឆេង ទៅសិក្សានៅក្រៅប្រទេសផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត លី ឆេង បានថ្លែងកោតសរសើរចំពោះក្មួយៗ ដែលបានខិតខំយកចិត្តទុកដាក់ រៀនសូត្រ គោរពបទបញ្ជាផ្ទៃ មានវិន័យ សីលធម៌ និងគុណធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គមជាតិរហូតទទួលជោគជ័យនាពេលនេះ។ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថា ភាសាអង់គ្លេសគឺជាភាសាអន្តរជាតិមួយដែលត្រូវបានគេនិយាយយ៉ាងទូលំទូលាយនៅទូទាំងសកលលោក ហើយអ្នកដែលមានសមត្ថភាពនឹងមានអាទិភាពក្នុងការសម្រេចជោគជ័យនូវរាល់កិច្ចការងារផ្សេងៗ។ ឯកឧត្តមបណ្ឌិត បានបន្ថែមថា បច្ចុប្បន្នភាសាអង់គ្លេសបានដើរតួនាទីយ៉ាងសំខាន់សម្រាប់សិស្ស-និស្សិតកម្ពុជា ក្នុងការប្រកួតប្រជែងដណ្តើមទីផ្សារការងារជាមួយបណ្តាយុវជនទាំងក្នុងតំបន់អាស៊ាន និងពិភពលោក ជាពិសេសដើរទាន់នូវការរីកចម្រើនផ្នែកបច្ចេកវិទ្យាសម័យបដិវត្តឧស្សាហកម្មជំនាន់ ៤.០។

ជាមួយគ្នានេះដែរ សាកលវិទ្យាល័យ ប៊ែល​ធី​ អន្តរ​ជាតិ បាននិងកំពុងបណ្តុះបណ្តាលលើពីរកម្មវិធីសិក្សាគឺ កម្មវិធីសិក្សាជាភាសាជាតិ និងអន្តរជាតិ។ កម្មវិធីសិក្សាជាភាសាជាតិ បង្រៀនជាពីរភាសាគឺ ខ្មែរ រួមជាមួយអង់គ្លេស និងកម្មវិធីសិក្សាអន្តរជាតិ បង្រៀនជាភាសាអង់គ្លេស ១០០% ដោយរួមមាន ថ្នាក់បំប៉នភាសាអង់គ្លេស ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដែលធ្វើឱ្យនិស្សិតប៊ែលធីមានជំនាញវិជ្ជាជីវៈច្បាស់លាស់ និងចំណេះដឹងយ៉ាងទូលំទូលាយ។

ជាទីបញ្ចប់ ឯក​ឧត្តមបណ្ឌិតប្រ​ធាន​គណៈ​អ​ធិប​តី​​បាន​ចូល​រួម​អប​អរ​សា​ទរ​ និង​ប្រ​គល់​វិញ្ញាបនបត្រដល់​សិស្ស​ជ័យ​លាភី​ទាំង​ ៧៣០​នាក់​ នា​ពេល​នោះ​ផង​ដែរ​ ៕ ដោយ ៖ អារុណរះ

   


ចែករំលែក៖