ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមចោរលួចសត្វគោ រួចពន្លះយកសាច់ហើយគេចខ្លួនបាត់ បន្សល់ទុកតែឆ្អឹងឲ្យម្ចាស់

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ដើរស្រែករកសត្វគោរបស់គាត់ ដែលបានបាត់មិនដឹងទៅណានោះទេ ស្រាប់តែដើរមកដល់ចំណុចវាលស្រែក៏ប្រទះឃើញ មេគោមួយក្បាល មានទាំងកូនក្នុងពោះទៀតនោះ ត្រូវបានចោរលួចដឹកចេញពីក្រោលយកទៅពន្លះយកសាច់ ហើយគេចខ្លួនបាត់បន្សល់ទុកតែឆ្អឹង  ។

ករណីភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅចំណុចវាលស្រែមួយកន្លែង ក្នុងភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះ ជាម្ចាស់គោ ឈ្មោះ ថៃ ថា ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរ កសិករ មានប្រពន្ធឈ្មោះ កៅ ពេញ អាយុ៤៣ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានទីលំនៅ ភូមិត្រាញ់តាបាញ់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។

តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា គាត់បានចិញ្ចឹមគោសរុបចំនួន៧ក្បាល ដោយមេគោមានចំនួន២ក្បាល ហើយយប់ឡើង គាត់តែងតែដឹកគោឲ្យបញ្ចូលក្នុងក្រោល នៅមុខផ្ទះ និងបានវាយឃ្នងធ្វើជារនាំងការពារត្រឹមត្រូវផងដែរ ។

ជនរងគ្រោះបន្តថា លុះព្រឹកឡើងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ គាត់បានចុះទៅក្រោលដើម្បីដឹកគោចេញទៅចងនៅវាល ស្រាប់តែដើរទៅដល់ឃ្នងគោ ក៏ឃើញឃ្នងចំហរ និងបានបាត់មេគោមួយក្បាល មានទាំងកូនក្នុងពោះទៀតផង ។ ខណៈដែរគាត់ខំដើររកជុំវិញផ្ទះតែមិនឃើញ ក៏ចេញទៅតាមស្វែងរកក្រៅភូមិ ទើបមានអ្នកឡើងត្នោត ស្រែកប្រាប់ ប្រទះឃើញសំណល់គោ នៅតាមភ្លឺស្រែ ក្នុងភូមិភ្លើងឆេះរទេះលិច ចម្ងាយពីផ្ទះប្រមាណ៥០០ម៉ែត្រ លុះទៅមើលទើបដឹងនិងស្គាល់ថាជាសត្វគោរបស់គាត់ ដោយជនសង្ស័យពន្លះយកសាច់អស់ ដោយបន្សល់ទុកក្បាល ស្បែក ឆ្អឹង ជើង នៅតាមភ្លឺស្រែគួរឲ្យអាណោចអាធ័ម ។

ក្រោយកើតហេតុ ជនរងគ្រោះក៏បានទៅដាក់ពាក្យប្តឹងនៅអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន ដើម្បីជួយធ្វើអន្តរាគមន៍តាមចាប់ក្រុមចោរទាំងនោះយកមកដាក់ទោសតាមច្បាប់ ។ ដោយឡែកបំណែកសាច់គោដែលនៅសេសសល់ ត្រូវបានគាត់ប្រមូលយកទៅផ្ទះវិញ ៕ សុខា សែនជ័យ


ចែករំលែក៖