ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរស្រុកប្រាសាទបាគងចុះបង្រ្កាបបទល្មើសនេសាទបំផ្លាញឧបករណ៍និងលែងកូនត្រីជាច្រើន

ចែករំលែក៖

ខេត្តសៀមរាប ​៖ ដើម្បីថែរក្សាមច្ឆជាតិឲ្យបានគង់វង្សក្នុងរដូវហាមឃាត់បិទការនេសាទនេះនៅ​ថ្ងៃទី​២៧ ​ខែតុលា​ ឆ្នាំ​២០១៩ កម្លាំង​ចម្រុះ​ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប បាន​បន្ត​ចុះទៅ​បង្ក្រាប​បទល្មើស​ជលផល​នៅ​តំបន់​បឹង​ទន្លេសាប​ក្នុងភូមិ​សាស្ត្រ​ឃុំ​កំពង់​ភ្លុក​និង​ឃុំ​មានជ័យ។

លោក​វរសេនីយ៍ឯក មិន ចន្ថា អធិការ​នគរបាល​ស្រុក​ប្រាសាទបាគង បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៨​ខែតុលា​នេះ​ថា ប្រតិបត្តិការ​នេះ​ មាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​នៃ​ស្រុក​ប្រាសាទបាគង ដឹកនាំ​ដោយ​លោក​នឹម សុវណ្ណ​អភិបាលរង​ស្រុក​មាន​គ្នា​ចំនួន​១៥​នាក់​ ក្នុង​នោះ​ នគរបាល​ស្រុក​និង​ប៉ុស្តិ៍​៧​នាក់​,​អាវុធហត្ថ​៤​នាក់​,​ជលផល​២​នាក់​,​ឃុំ​និង​សហគមន៍​នេសាទ​២​នាក់ បាន​ចុះទៅ​បង្ក្រាប​បទល្មើស​ជលផល​នៅ​ចំណុច​ភូមិសាស្ត្រ​ឃុំ​កំពង់​ភ្លុក​និង​ឃុំ​មានជ័យ​។ 

លោក​ មិន ចន្ថា បន្ត​ថា ជា​លទ្ធផល សមត្ថកិច្ច​បង្ក្រាប​បាន​ក្បាល​ស្បៃ​មុង​២៥​ក្បាល ,​សាច់​មង​៧៥០​ម៉ែត្រ​ដុតចោល​និង​ចម្រឹង​៥៥០​ដើម​កាប់និងដុត​បំផ្លាញ​ចោល​និង​លែង​កូន​ត្រី​ចំនួន​១០​គីឡូក្រាម​ចូល​បឹង​ទន្លេសាប​វិញផងដែរ ​។

ជាមួយគ្នានេះដែរ លោក​សូរ ប្លា​តុង អភិបាលស្រុក​ប្រាសាទបាគង បានប្រាប់ ​ថា កម្លាំង​សមត្ថកិច្ច​ស្រុក​ប្រាសាទបាគង តែងតែ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នា​រដូវ​ហាមឃាត់​នេះ ជា​បន្តបន្ទាប់​ដែរ​។ ​តែដោយសារ​ពេលវេលា​និង​ការងារ​មមាញឹក​ផង​ទើប​សមត្ថកិច្ច​ចុះ​១​ខែម្តង​ ឬ ២​ដង​ប៉ុណ្ណោះ​ហើយការ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នេះ​ដែរ មិនមែន​ធ្វើ​តែ​កម្លាំងចម្រុះ​ស្រុក​ទេ ពោលគឺ​កម្លាំងចម្រុះ​នៃ​ឃុំ​កំពង់​ភ្លុក ក៏​ដាក់​កម្លាំង​ប្រចាំការ​ផងដែរ​។

ចំណែក លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​មាញ់​និង​នេសាទ​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា កម្លាំង​រដ្ឋបាល​ជលផល បាន​សហការ​យ៉ាង​ល្អ​ជាមួយ​អាជ្ញាធរ​ស្រុក​និង​ខេត្ត ដើម្បី​រួមគ្នា​ចុះបង្ក្រាប​បទល្មើស​នេសាទ​នៅ​តាម​បណ្តា​ស្រុក​មួយ​ចំនួន​យ៉ាងសកម្ម​ផងដែរ​។ ការ​ចន្លោះប្រហោង​ខ្លះ ដោយសារតែ​ការ​ចុះ​បង្ក្រាប​ម្តងៗ​ត្រូវ​ចំណាយ​ថវិកា​ច្រើន​។ 

លោក​បញ្ជាក់​ថា ទោះបីជា​សមត្ថកិច្ច​និង​ជំនាញ​ជលផល បង្ក្រាប​មិនសូវ​ញឹកញាប់​ក្តី​ក៏​លោក​នៅតែ​ជំរុញ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ត្រូវខិតខំ​ធ្វើ​យ៉ាងណា​បន្ត​ចុះបង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​នេសាទ​ឲ្យ​មានការ​ថយ​ចុះជាបន្តបន្ទាប់ ៕ ប្រាថ្នា

 


ចែករំលែក៖