ភ្នំពេញ៖ នារី២នាក់ កំពុងតែដើរតាមផ្លូវសុខៗ ក៏ត្រូវជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងមកធ្វើសកម្មភាពឆក់យកទូរសព្ទ័មួយគ្រឿងម៉ាក iPhone 8 ពីនារីម្នាក់បានសម្រេច ហើយគេចខ្លួនបាត់ស្រមោល ដោយមិនរំខានសមត្ថកិច្ចឡើយ ខណៈដែលជនសង្ស័យ២នាក់ ញៀនល្បែងហ្គេមបាញ់ត្រីយីហោ TK ចាញ់អស់លុយ ។
ករណីឆក់ទូរស័ព្ទខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៩ ខែតុលាឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្លូវលេខ៤៧៨ កែងផ្លូវលេខ១៥៥ ក្នុងសង្កាត់ទូលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៍មានពីសាក្សីដែលឃើញហេតុការណ៍ខាងលើនេះ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីរងគ្រោះ២នាក់ កំពុងតែដើរតាមផ្លូវលេខ៤៧៨ ពីលិចមកកើតដោយដៃកាន់ទូរស័ព្ទផងដែរ ភ្លាមនោះស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ីយគីនិច មកធ្វើសកម្មភាពឆក់យកទូរសព្ទ័ពីដៃនារីរងគ្រោះម្នាក់ ក្នុងចំណោមគ្នា២នាក់ បានសម្រេចហើយជិះសំដៅទៅផ្លូវលេខ១៥៥ ផ្សារទូលទំពូងរួចគេចខ្លួនបាត់ដោយសុវត្ថិភាព មិនរំខានសមត្ថកិច្ចប៉ុស្តិ៍ទំពូង១ បន្តិចឡើយ ។
ដោយឡែកតាមប្រភពពីជនរងគ្រោះវិញ បានឲ្យដឹងថា ជនសង្ស័យដែលឆក់ទូរស័ព្ទរបស់គាត់នោះ គឺទើបតែនឹងចេញពីកន្លែងលេងហ្គេមបាញ់ត្រីមួយកន្លែង ដែលមានយីហោ TK នៅមិនឆ្ងាយពីកន្លែង ដែលជនសង្សយ័ធ្វើសកម្មភាពឆក់ឡើយ ។
ជនរងគ្រោះបានបញ្ជាក់បន្ថែមថា បន្ទាប់ពីជនសង្ស័យធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់ខ្លួនបានសម្រេច ខ្លួនបានសុំឆែកកាម៉ារ៉ាសុវត្ថិ ភាពនៅក្នុងទីតាំងហ្គេមបាញ់ត្រី TKនោះ ឃើញជនសង្ស័យ ទើបនឹងចេញពីកន្លែងនោះ ហើយឃើញខ្លួនដើរកាន់ទូរស័ព្ទជាឱកាស ល្អក៏ឆក់យកតែម្តង។
ពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុបាន ប្រាប់ឲ្យដឹងថា ទីតាំងក្បែរកន្លែងហ្គេមបាញ់ត្រី TK ខាងលើនេះ បើកលេងជាយូរណាស់មកហើយ ដោយគ្មានការបង្ក្រាបពីសំណាក់ នគរបាលពាក់ព័ន្ធនោះឡើយ ពិសេសនោះ គឺបើកដំណើរការអស់រាប់ឆ្នាំទៅហើយ ខណៈដែលបច្ចុប្បន្ននេះ នៅដំណើរការធម្មតា ហើយក៏មានមនុស្សចូលលេងច្រើន។
ពលរដ្ឋបន្ដទៀតថា ពួកគាត់មិនដែលអាជ្ញាធរមូលដ្ឋាន ចុះមកសាកសួរ ឬក៏បង្ក្រាបម្តងណាឡើយ ឬក៏ទុកបណ្តែតបណ្តោយឲ្យទីតាំងនេះ ប្រព្រឹត្តទៅបានរលូនយ៉ាងដូច្នេះតទៅទៀត។
ពលរដ្ឋស្នើឲ្យលោក សថេង សុថុល អភិបាល និងលោក យិន សាន អធិការខណ្ឌចំការមន មេត្តាជួយចាត់វិធានការនៅកន្លែងហ្គេមបាញ់ត្រី TK នេះផង ដើម្បីដើម្បីឱ្យប្រជាពលរដ្ឋទទួលបានរស់នៅដោយភាពកក់ក្តៅ និងសុខសាន្តក្នុងការរស់ ខណៈដែលប្រទេសជាតិ មានសន្តិភាពពេញបរិបូរណ៍ ៕ស រស្មី