ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋសភានឹងអនុម័តសន្ធិសញ្ញាបំពេញបន្ថែមកម្ពុជា-វៀតណាម ក្រោយការចុះកិច្ចព្រមព្រៀងព្រំដែន

ចែករំលែក៖

ភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភាដែលដឹកនាំដោយសម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃទី៣០ ខែតុលានេះ បានដឹកនាំកិច្ចប្រជុំដោយបានសម្រេចយករបៀបវារៈស្តីពីសន្ធិសញ្ញាបំពេញបន្ថែមរវាងកម្ពុជា និងវៀតណាមមកពិភាក្សានិងអនុម័តនៅថ្ងៃចន្ទសប្តាហ៍ក្រោយ។

លោក ឡេង ប៉េង ឡុង អ្នកនាំពាក្យរដ្ឋសភា បានគូសបញ្ជក់ថា រដ្ឋសភានៅថ្ងៃទី៤ ខែវិច្ឆិកាសប្តាហ៍ក្រោយនេះ នឹងពិភាក្សា និងអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។ ការលើកយករបៀបវារៈមកពិភាក្សាគឺក្រោយពេលដែលប្រមុខរដ្ឋាភិបាលកម្ពុជា និងវៀតណាម បានចុះហត្ថលេខាលើការងារព្រំដែនដែលប្រទេសទាំង២បានសម្រេចចំនួន៨៤%។

លោក ឡេង ប៉េងឡុង បានសង្កត់ធ្ងន់ថា ការបំពេញបន្ថែមលើសន្ធិសញ្ញានេះ ជាប្រវត្តិសាស្ត្រលើកទី១ ដោយមានការឯកភាពនៃប្រទេសទាំង២លើគោលការណ៍ច្បាប់ ផែនទី និងបង្គោលព្រំដែនជាក់ស្តែងដែលសម្រេច៨៤ភាគរយ។ បើតាមអ្នកនាំពាក្យដដែល ការបំពេញបន្ថែមសន្ធិសញ្ញានេះបានឈរលើឆន្ទៈ ចំណងមិត្តភាព និងសាមគ្គីភាពជាប្រពៃណីដ៏យូរអង្វែង រវាងវៀតណាម និងកម្ពុជា ដែលបានកសាងឡើងក្រោមការប្រឹងប្រែង របស់ថ្នាក់ដឹកនាំ និងប្រជាជនគ្រប់ជំនាន់ នៅក្នុងប្រវត្តិសាស្ត្របង្កើនទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

កាលពីដើមខែតុលានេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី តំណាងឱ្យរដ្ឋាភិបាលកម្ពុជា និងនាយករដ្ឋមន្ត្រី ង្វៀន សួនហ៊្វុក តំណាងឱ្យភាគីវៀតណាម បានជាសាក្សីចំពោះការចុះហត្ថលេខាលើសមិទ្ធផលព្រំដែនដែលបានសម្រេច។ កម្ពុជា និងវៀតណាម បានអះអាងថា ការចុះហត្ថលេខាលើកិច្ចការព្រំដែននេះ គឺជាការឯកភាពជំរុញកិច្ចសហប្រតិបត្តិការ ស្តីពីការគ្រប់គ្រងព្រំដែនដោយផ្អែកលើយន្តការ និងក្របខណ្ឌច្បាប់ដែលមានស្រាប់ ដើម្បីកសាងខ្សែបន្ទាត់ព្រំដែនសន្តិភាពស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។

សូមបញ្ជាក់ថា ក្រៅពីរបៀបវារៈក្តៅស្តីពីសន្ធិសញ្ញាបំពេញបន្ថែមរវាងកម្ពុជានិងវៀតណាម រដ្ឋសភានឹងពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ចំនួន៤ផ្សេងទៀត ដែលរួមមាន ការចៀសវាងយកពន្ធត្រួតគ្នា និងការកិបកេងបន្លំពន្ធលើប្រាក់ចំណូលរវាងកម្ពុជា និងរដ្ឋបាលហុងកុងរបស់ចិន និងការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធ នឹងពន្ធលើប្រាក់ចំណូល និង ការពិភាក្សា និងអនុម័តលើការសម្របសម្រួលការដឹកជញ្ជូនទំនិញឆ្លងកាត់ ក្នុងកម្រិតអាស៊ានជាដើម៕



ចែករំលែក៖