ភ្នំពេញៈ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ព្រឹកថ្ងៃទី៣០ ខែតុលានេះ បានដឹកនាំមន្រ្តីក្រោមឱវាទសាលាខណ្ឌ, កម្លាំងសន្តិសុខសណ្តាប់ធ្នាប់ខណ្ឌ និងលោកគ្រូ អ្នកគ្រូសិស្សានុសិស្ស ចុះធ្វើពលកម្មសម្អាតបរិស្ថាន នៅក្នុងបរិវេណសាលាបឋមសិក្សា និង អនុវិទ្យាល័យហ៊ុន សែនព្រែកប្រា។
លោកចេង មុនីរ៉ា មានប្រសាសន៍ថា៖ ការធ្វើពលកម្មសម្អាតបរិស្ថានក្នុងពេលនេះ គឺដើម្បីត្រៀមលក្ខណៈឲ្យសិស្សានុសិស្សទាំងអស់ចូលរៀនក្នុងឆ្នាំសិក្សាថ្មី ដែលនឹងប្រព្រិត្តទៅចាប់ពីថ្ងៃទី១ ខែវិច្ឆិការតទៅ។ លោកបានឲ្យដឹងទៀតថា សាលាគឺជាថ្នាលសំរាប់បណ្តុះចំណេះដឹងទូទៅ រួមនឹងផ្តល់អប់រំនូវ សីលធ៌ម គុណធ៌ម និងចរិយាធ៌ម ដល់សិស្សានុសិស្សគ្រប់រូប។ សាលារៀនល្អ បរិស្ថានល្អ ក៏ជាទីកន្លែងគូរជាទីចូលចិត្តរបស់សិស្សានុសិស្សក្នុងការសិក្សា។ ការធ្វើពលកម្មសម្អាតបរិស្ថានក្នុងសាលានាពេលនេះ រួមមានការបោសសម្អាតសំរ៉ាម សម្អាតស្មៅក្នុងទីធ្លាសាលា និងបាញ់ថ្នាំមូសគ្រប់ទីកន្លែងអស់ទាំងក្នុងថ្នាក់រៀន និងជុំវិញបរិវេណសាលា។ ថ្មីៗនេះ លោកអភិបាលខណ្ឌ ចេង មុនីរ៉ា បានជួយឧបត្ថម្ភឧបករណ៍និងសំភារៈសំរាប់ក្មេងលេងដល់ សាលាបឋមសិក្សា និង អនុវិទ្យាល័យហ៊ុន សែនព្រែកប្រា និង បន្តជួយធ្វើទីធ្លាបាល់ទាត់ខ្នាតតូច ក្នុងបរិវេណសាលាដើម្បីឲ្យសិស្សានុសិស្សចូលលេងកីឡាផងដែរ។
លោកអភិបាលបាលខណ្ឌច្បារអំពៅចេង មុនីរ៉ា ក៏បានអំពាវនាវដល់គណៈនាយកនៃបណ្តាសាលារៀនទាំងអស់ ក្នុងខណ្ឌច្បារអំពៅ ត្រូវនាំគ្នាធ្វើពលកម្មសម្អាតបរិវេណសាលា និង ថ្នាក់រៀនឲ្យបានស្អាត មុននឹងថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មីចូល មកដល់ ៕ សណ្តោស