ខេត្តកំពង់ធំ ៖ ម្ចាស់ផ្ទះបង្កាត់ភ្លើងឆ្អើរត្រីមិនប្រយ័ត្នឆេះផ្ទះនៅលើទឹកហ្មត់ ដែលហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៣ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅភូមិនាងសាវ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
សេចក្តីរាយការណ៍បានបន្ត មូលហេតុ មកពីម្ចាស់ផ្ទះឈ្មោះ ប៉ាន់ ហូ ភេទប្រុស អាយុ៦៥ឆ្នាំ បង្កាត់ភ្លើងឆ្អើរត្រីមិនបានប្រុងប្រយ័ត្ន បណ្តាលឲ្យភ្លើងឆាបឆេះពីរោងឆ្អើរត្រីរាលមកដល់ផ្ទះ ធ្វើអំពីឈើដំបូលប្រក់ស័ង្កសី រនាបក្តារ ជញ្ជាំងក្តារ ដែលសាងសង់នៅលើផែក្នុងទឹកទំហំ០៦ម៉ែត្រ គុណ១៣ម៉ែត្រ ខូចខាតទាំងស្រុង ។
ឆេះរោងឆ្អើរត្រីមានបែត្រីខាងក្រោយងក្រោយ ទំហំ២.៥ម៉ែត្រគុណ៦ម៉ែត្រ និងចេញត្រីឆ្តោចិញ្ចឹមអស់ចំនួន៤០០០ក្បាល ឆេះបែគ្មានត្រីទំហំ២ម៉ែត្រគុណ៣ម៉ែត្រ ឆេះសំបកបាឡាជ័រ ចំនួន០២គ្រឿង ភ្ជាប់ដោយម៉ាស៊ីនម៉ាកឆ្លាម០១គ្រឿង និងម៉ាកហុងដា០១គ្រឿង ម៉ាស៊ីនភ្លើងចំនួន០១គ្រឿង ម៉ាស៊ីនកិនត្រីចំនួន០១គ្រឿង ឆេះត្រីឆ្អើរចំនួន១០០០០ចង្កាក់ ប្រាក់រៀលចំនួន៥០០០០០០រៀល អាគុយចំនួន០៣ ផ្ទាំងសូឡាចំនួន០២ ទូរទស្សន៍ចំនួន០១គ្រឿង និងធុងបាសចំនួន០២ ទូរស័ព្ទដៃចំនួន០២គ្រឿង និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត តែពុំបណ្តាលឲ្យរងរបួសមនុស្ស និងឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ៕ ប៊ុនរិទ្ធី