ព័ត៌មានទាន់ហេតុការណ៍៖

សកម្មជនមួយរូបក្នុងចលនាឧទ្ទាមខុសច្បាប់របស់ សម សេរី ត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន

ចែករំលែក៖

ភ្នំពេញ៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង ថ្លែងតាមបណ្តាញសង្គម Telegram នារសៀលថ្ងៃទី៣១ ខែតុលា នេះ ថា សកម្មជនមួយរូបក្នុងចលនាឧទ្ទាមខុសច្បាប់របស់ សម សេរី ត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់ និង ត្រូវចៅក្រមស៊ើបសួរឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ហើយ ។

កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចេញផ្សាយថា កាលពីរសៀលថ្ងៃទី៣០ ខែតុលា សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យមួយរូប ទៅតុលាការពាក់ព័ន្ធករណីចូលរួមក្នុងចលនាឧទ្ទាមខុសច្បាប់ដឹកនាំដោយឈ្មោះ សម សេរី ប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ថ្លែងថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឹងម៉ាត់ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ស្រាវជ្រាវករណីខាងលើ រហូតឈានដល់ការបង្ក្រាបបានជាក់ស្តែង។

ជនសង្ស័យ ឈ្មោះធុយ វី ហៅ ធុយ ឬទ្ធី ភេទប្រុស អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃទទឹង ឃុំភ្នំតូចស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ត្រូវកម្លាំងជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញស្រាវជ្រាវរហូតឈានដល់ធ្វើការឃាត់ខ្លួនកាលពី វេលាម៉ោង១១៖៣០នាទី ថ្ងៃទី២៩ ខែតុលា តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ធុយ វី ឬ ធុយ ឬទ្ធី នេះ បានចាកចេញទៅប្រទេសថៃ ដោយមានការផ្តូចផ្តើមពីឈ្មោះសម សេរី ជាមេចលនា រណសិរ្សរំដោះជាតិខ្មែរ និង ជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលនិរទេសជាតិខ្មែរខុសច្បាប់ ហើយឈ្មោះ ធុយ វី ធ្លាប់ត្រូវបានតែងតាំង ជាអ្នកនាំពាក្យរបស់រណសិរ្សរំដោះជាតិខ្មែរ និងជារដ្ឋមន្រ្តីក្រសួងកសិកម្មក្នុងរដ្ឋាភិបាលនិរទេសខុសច្បាប់របស់ សម សេរី ផងដែរ ។

នៅក្នុងឆ្នាំ២០១៩ ឈ្មោះធុយ វី ត្រូវបាន សម សេរី តែងតាំងទៅជាអនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងសាសនា វិញ។

ឈ្មោះ ធុយ វី បានបញ្ជាក់ថា រូបគេពិតជាបានចូលរួមក្នុងសកម្មភាពរួមគំនិតក្បត់ជាមួយ ក្រុមឧទ្ទាម សម សេរី និងក្រុម អតីត CNRP ពិតប្រាកដមែន ក្នុងនោះរូបគេបានចូលរួមក្នុងការប្រជុំទទួលផែនការនានា, រៀបចំឯកសារនិងសៀវភៅដែលមានខ្លឹមសារញុះញង់បង្កឲ្យមានចលាចលក្នុងសង្គម និងបានធ្វើការផ្សព្វផ្សាយខ្លឹមសារ នយោបាយ និង ស្ថានភាពនៅក្នុងស្រុកខ្មែរ ដោយផ្តោតលើ ការរិះគន់វាយប្រហារដល់រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន តាមរយៈប្រព័ន្ធបណ្តាញសង្គមហ្វេសប៊ុក។

នៅប្រទេសថៃ ឈ្មោះ ធុយ វី និងសកម្មជននៃរណសិរ្សរំដោះជាតិខ្មែរចំនួន ៦៦នាក់ រួមនិងសកម្មជនអតីត CNRP ប្រមាណ៥០០នាក់ មានទាំងមេដឹកនាំអតីត CNRP ប្រ
ចាំនៅខេត្តសមុទ្រប្រាកានប្រទេសថៃបានជួបជុំគ្នាដើម្បីរៀបចំផែនការ និងចាត់តាំងធ្វើសកមម្មភាព ដោយរួមទាំងការប្រមូលមូលនិធិរួមគ្នាជួយដល់ការធ្វើដំណើរវិលចូលស្រុករបស់ សម រង្ស៊ី នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីអនុវត្តផែនការធ្វើរដ្ឋប្រហារ។

ឈ្មោះ ធុយ វី បានឆ្លើយបន្ថែមថា ចំពោះគូកននិងបក្ខពួករបស់ខ្លួន គឺនៅប្រទេសថៃទាំងអស់ មិនមាននៅកម្ពុជានោះទេ ហើយរូបគេតែងលួចចេញចូលមកប្រទេសកម្ពុជា តាមស្ថានភាពជាក់ស្តែងដែលអាចចូលបាន នៅពេលដែលមានកិច្ចការត្រូវធ្វើ ដើម្បីយកទៅរាយការឱ្យ សម សេរី មុនពេលបង្ហោះតាមបណ្តាញសង្គម ៕  ចេស្ដា


ចែករំលែក៖