ភ្នំពេញ ៖ រថយន្តមិនស្គាលលម៉ាកបើកបុកម៉ូតូ បណ្ដាលឲ្យម៉ូតូខ្ទាតប្រហែល១០ម៉ែត្រ អ្នកបើកម៉ូតូរងរបួសធ្ងន់ ចំណែករថយន្តបង្កបើកគេចខ្លួនបាត់ បន្សល់ទុកតែកាងរថយន្ត និងស្លាកលេខនៅនឹងកន្លែងកើតហេតុ។
ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង១១យប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ៥៦៦ កែងផ្លូវលេខ៣១៧ ស្ថិតនៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ មានបុរសម្នាក់បើកម៉ូតូម៉ាកស៊ុយស៊ូគីស្មាស់វី ពណ៌ក្រហម១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1BR-8636 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥៦៦ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ផ្លូវបែកជាបួន មានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកស្លាក ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន បានជ្រុលទៅបុកម៉ូតូពេញទំហឹង បណ្តាលឲ្យម៉ូតូខ្ទាតប្រហែល១០ម៉ែត្រ បណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ ចំណែក រថយន្តបង្កបើករត់គេចខ្លួនបាត់បន្សល់ទុកតែកាងនិងស្លាកលេខរថយន្ត ភ្នំពេញ 2M-4464 នៅនិងកន្លែងកើតហេតុ។
បន្ទាប់ពីកើតហេតុ សម្ថកិច្ចមូលដ្ឋានបានមកដល់បានទាក់ទងទៅសម្ថកិច្ចជំនាញយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោក ចំណែករថយន្តបង្កសម្ថកិច្ចនឹងស្រាវជ្រាវរកម្ចាស់មកដោះស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ