ព័ត៌មានទាន់ហេតុការណ៍៖

សិស្សប៊ែលធីថ្នាក់ទី១២ ជំនាន់ទី១៤ ចំនួន១១០៩នាក់ ទទួលសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប៊ែលធី (BELTEI HIGH SCHOOL DIPLOMA)

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ សាលា ប៊ែលធី អន្តរជាតិ បានប្រារព្វពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជូនដល់សិស្សប៊ែលធី ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំសិក្សា ២០១៨-២០១៩ ជំនាន់ទី១៤ ចំនួន១១០៩ នាក់ នៅសាលសហសិក្សានៃសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ(ទួលស្លែង) ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយក ប៊ែលធី គ្រុប និង និងលោកជំទាវ។

លោក ប៊ុត ឌីម៉ង់ ប្រធាននាយកដ្ឋានចំណេះទូទៅ បានឲ្យដឹងថា៖ បច្ចុប្បន្ននេះ សាលា ប៊ែលធីអន្តរជាតិ មាន ២២ សាខា ក្នុងនោះ ២០សាខា កំពុងដំណើរការ និង ០២សាខាកំពុងសាងសង់ ដែលមានបុគ្គលិកបំរើការសរុបចំនួន ២២៤៣ នាក់ (នារី៩៥៥ នាក់) សិស្សានុសិស្សកំពុងសិក្សា សរុបចំនួន៤៨.៦០៣នាក់ (នារី២៤៥៤៨នាក់) ។

គិតមកដល់ឆ្នាំសិក្សា២០១៨-២០១៩ សាលាប៊ែលធី អន្តរជាតិ ក៏មានសិស្សថ្នាក់ទី១២ដែលបានប្រឡងបញ្ចប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន ១,១១២៩ នាក់(ដប់មួយពាន់មួយរយម្ភៃប្រាំបួននាក់) ជាប់ ៩,៤២១ នាក់ (ប្រាំបួនពាន់បួនរយម្ភៃមួយនាក់) ស្មើនឹង ៨៥.២៤ និងទទួលបានសិស្សនិទ្ទេសA ចំនួន ១១២នាក់ និងមានសិស្សពូកែទូទាំងរាជធានី និងទូទាំងប្រទេស ផ្នែកអក្សរសាស្ត្រខ្មែរ គណិតវិទ្យា និងរូបវិទ្យា សម្រាប់ថ្នាក់ទី៩ និងទី១២ សរុបចំនួន ៦៤នាក់ (នារី ៣៨នាក់) ។ ហើយសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងទទួលបានសញ្ញាបត្រពីរ ១. ចេញដោយ សាលា ប៊ែលធី អន្តរជាតិ ២- ចេញដោយក្រសួងអប់រំ យុវជន និងកីឡា នឹងបានUploadសញ្ញាបត្រទាំងពីរនោះចូលទៅក្នុងវែបសាយរបស់ប៊ែលធីដើម្បីទុកជាកាលប្បវត្តិសម្រាប់សិស្សគ្រប់រូបDownload ប្រើប្រាស់ជាផ្លូវការផងដែរ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត លី ឆេង បានថ្លែងកោតសរសើរចំពោះក្មួយៗដែលបានខិតខំយកចិត្តទុកដាក់ រៀនសូត្រ គោរពបទបញ្ជាផ្ឌៃក្នុង មានវិន័យ សីលធម៍ និងគុណធម៍ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គមជាតិរហូតទទួលបានជោគជ័យនាពេលនេះ។ ឯកឧត្តមបណ្ឌិត ក៏បានផ្តាំផ្ញើរដល់ក្មួយៗជ័យលាភីឲ្យខិតខំយកចិត្តទុកដាក់បន្តការសិក្សាបន្ថែមទៀតនៅថ្នាក់ឧត្តមសិក្សា ដោយធ្វើការជ្រើសរើសនូវមុខវិជ្ជាណាដែលខ្លួនចូលចិត្ត ដើម្បីធ្វើជាអាជីពខ្លួនឯងទៅថ្ងៃអនាគតនិងប្រកួតប្រជែងដណ្តើមទីផ្សារការងារជាមួយបណ្តាយុវជនទាំងអស់ទាំងក្នុងតំបន់អាស៊ាននិងពិភពលោក ជាពិសេស ដើរឲ្យទាន់នូវការរីកចម្រើនផ្នែកបច្ចេកវិទ្យា សម័យបដិវត្តឧស្សាហកម្ម៤.០។

ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិត ប្រធានគណៈអធិបតីក៏បានចូលរួមអបអរសាទរ និងប្រគល់សញ្ញាបត្រដល់សិស្សជ័យលាភីទាំង១១០៩ នាក់ នាពេលនោះផងដែរ ៕ អរុណរះ

 


ចែករំលែក៖