អាជ្ញាធរខេត្តតាកែវ រួមទាំងមន្ត្រីជំនាញផង អះអាងថា ការដាក់បទល្មើសរបាំងស្បៃមុងរាប់សិបគីឡូម៉ែត្រ ក្នុងភូមិសាស្ត្រស្រុកអង្គរបុរី ភ្ជាប់ស្រុកកោះធំ ខេត្តកណ្តាល គឺប្រយោជន៍ដើម្បីកុំឲ្យត្រីហូរតាមទឺកទៅប្រទេសវៀតណាមខាតទទេ ។ របាំងព្រួល និងរបាំងស្បៃមុងចម្ងាយរាប់សិបគីឡូម៉ែត្រ ដាក់កាត់បឹងទន្លេ ក្នុងភូមិសាស្ត្រស្រុកអង្គរបុរី និងស្រុកបុរីជលសា ពីព្រោះថា បើមិនដាក់របាំងទាំងនេះទេ ក៏ធនធានមច្ឆជាតិ ក៏គង់តែហូរតាមទឹកធ្លាក់ទៅប្រទេសវៀតណាមអស់ដដែល ។ ចម្លើយរបស់អាជ្ញាធរខេត្តតាកែវ ក្រោមអំណាចចាត់ចែងរបស់លោក អ៊ុច ភា ឃើញថា ឆ្លាតគួរសមដែរ ។ ប៉ុន្តែនៅពេលដែលអ្នកកាសែតសួរថា ហេតុអ្វីបានជាថៅកែរបាំងស្បៃមុងចម្ងាយរាប់សិបគីឡូម៉ែត្រ គឺជាជនជាតិវៀតណាមទៅវិញ? សំណួរនេះ គ្មានចម្លើយទេ ។
នៅរដូវនេសាទភូមិសាស្ត្រស្រុកអង្គរបុរី ក៏ដូចជាបុរីជលសា ត្រូវលាតសន្ធឹងដោយផ្ទៃទឹកជាប់ទៅនឹងប្រទេសវៀតណាម និងមួយផ្នែកជាប់នឹងស្រុកកោះធំ ខេត្តកណ្តាល ។ អាជ្ញាធរមានសមត្ថកិច្ចនៃខេត្តតាកែវ ពោលគឺនាយខណ្ឌរដ្ឋបាល សៅ កុសល ជាអ្នកចាត់ចែងប្រមូលលាភសក្ការពីការអនុញ្ញាតឲ្យអ្នកនេសាទវៀតណាមចូលមកកសាងបទល្មើសយកទៅចែករំលែកថ្នាក់ដឹកនាំខេត្ត អាជ្ញាធរដែនដី ក៏ដូចជាសមត្ថកិច្ចផ្សេងៗទៀត ។ ឈ្មួញវៀតណាមចំណាយប្រាក់រាប់សែនដុល្លារ ចែករំលែកអាជ្ញាធរស្រុកអង្គរបុរី, ស្រុកបុរីជលសា ខេត្តតាកែវ និងស្រុកកោះធំខេត្តកណ្តាល ដើម្បីពួកគេបានចូលដាក់បទល្មើសនេសាទដោយសេរី ។ លោក អ៊ុច ភា អភិបាលខេត្តតាកែវ កុំថាឡើយបានឃើញបទល្មើសនេសាទនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួននោះ សូម្បីតែមូលដ្ឋានស្រុកអង្គរបុរី និងស្រុកបុរីជលសា ក៏លោកមិនធ្លាប់ទៅផង ។
គេរាយការណ៍ថា មួយរយៈកន្លងមកនេះ អ្នកនេសាទវៀតណាមបានធ្វើសកម្មភាពយ៉ាងចំហរ ដោយមិនខ្លាចញញើតសមត្ថកិច្ចខ្មែរណាឡើយ ។ មានអ្នកនេសាទតាមទូកវិលល្ងាច និងអ្នកដាក់បទល្មើសធំៗ បានធ្វើឡើងជាចំហរ ។ អាជ្ញាធរស្រុក ជាអ្នកជួយសម្របសម្រួល កុំឲ្យមានបញ្ហារវាងអ្នកនេសាទខ្មែរ នឹងអ្នកនេសាទវៀតណាម ។ អ្នកនេសាទខ្មែរគ្មានទេបទល្មើសធំៗ មានតែការរាយមង ចងសន្ទូចបន្តិចបន្តួច បានត្រីលក់ដូរអង្ករ ចិញ្ចឹមឆ្នាំងព្រឹកល្ងាចតែប៉ុណ្ណោះ ។ ភាពវេទនានៃអ្នកនេសាទខ្មែរបែបនេះ ត្រូវគេអះអាងថា លោក អ៊ុច ភាអភិបាលខេត្តមិនដែលដឹងនោះទេ ។ ប្រជាពលរដ្ឋខ្មែរនៃស្រុកអង្គរបុរី និងស្រុកបុរីជលសា អះអាងថា បទល្មើសនេសាទក្នុងមូលដ្ឋានរបស់ពួកគាត់ ត្រូវបានរៀបចំជាប្រព័ន្ធ ហើយពលរដ្ឋខ្មែរមិនអនុញ្ញាតឲ្យប្រព្រឹត្តបទល្មើសធំៗដូចអ្នកនេសាទវៀតណាមនោះឡើយ ។
វាជារឿងដែលកើតឡើងដដែលៗ ហើយនាយខណ្ឌរដ្ឋបាលជលផលខេត្តតាកែវ លោក សៅ កុសល ក៏នៅតែឈរជើងរឹងមាំ បើទោះបីជាប្រជាពលរដ្ឋក្នុងស្រុកទាំងនេះរិះគន់អំពីបញ្ហាបទល្មើសនេសាទក្នុងការអនុញ្ញាតឲ្យជនជាតិវៀតណាមប្រព្រឹត្តជាចំហររាល់ថ្ងៃក៏ដោយ ។ ប្រជាពលរដ្ឋក្នុងស្រុកអង្គរបុរី, បុរីជលសា និងស្រុកកោះធំ ខេត្តកណ្តាល អំពាវនាវឲ្យអគ្គនាយកដ្ឋានរដ្ឋបាលជលផលនៃក្រសួងកសិកម្ម ពិនិត្យមើលបញ្ហាបទល្មើស នៅខេត្តតាកែវ និងខេត្តកណ្តាលនោះផង ឬមួយថា សូម្បីតែថ្នាក់អគ្គនាយកដ្ឋានរដ្ឋបាលជលផល ក៏ត្រូវថ្នាំពួកអ្នកនេសាទវៀតណាមនោះដែរ? ដូច្នេះ មានតែរដ្ឋមន្ត្រីក្រសួងកសិកម្ម និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ុណ្ណោះ ទើបអាចវះកាត់បញ្ហាដែលប្រជាពលរដ្ឋកំពុងត្រូវការនេះបាន ៕