ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យជាចោរឆក់ម្នាក់ 

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ជាចោរឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវយ៉ាងសកម្ម ក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ សហការជាមួយនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ស្រាវជ្រាវតាមចាប់ខ្លួនបាន កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចផ្សារTK សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មន្រ្តីនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ហេង គឹមហៃ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់ភូមិសុភី ឃុំសុភី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (មានសារធាតុញៀន) ។ ចំណែកបក្ខពួកជនសង្ស័យ (មានឈ្មោះ ប្រាក់ វុធចំរ៉ុង និងពុត ដាណេ ត្រូវឃាត់បានកាលពីថ្ងៃទី២២-០១-២០១៩កន្លងទៅ) និងបក្ខពួកនៅសល់គេចខ្លួន០៤នាក់ (ឈ្មោះ រិទ្ធ , ឈ្មោះ ពេជ្រ , ឈ្មោះ រ៉ា និងមិនស្គាល់ឈ្មោះម្នាក់) បានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះម្នាក់ ឈ្មោះ អ៊ុក ម៉ីសាង ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៤១BEO ផ្លូវលេខ១២៥ ភូមិ១១ សង្កាត់វាលវង់ ខណ្ឌ៧មករា ​រាជធានីភ្នំពេញ ។ 

មន្រ្តីដដែលបន្តថា កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១២ថ្ងៃត្រង់ មានជនសង្ស័យចំនួន៧នាក់ បានធ្វើសកម្មភាពឆក់កាបូបលុយនារីរងគ្រោះម្នាក់បានសម្រេច នៅចំណុចផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ  ហើយនាំគ្នាគេចខ្លួនបាត់អស់ ។ 

បន្ទាប់ពីកើតហេតុ ជនរងគ្រោះបានដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចជួយធ្វើអន្តរាគមន៍ លុះដល់វេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យខាងលើម្នាក់ បាននៅចំណុចម្តុំផ្សារTK សង្កាត់បឹងកក់១ ខណ្ឌទួលគោក ។ 

បឹងតាមសមត្ថកិច្ចបានបញ្ជាក់ថា សម្ភារបាត់បង់ កាបួបដៃ០១ ពណ៌ទឹកក្រូច , ទូរសព្ទ័ដៃអាយហ្វូន០១គ្រឿង , កាតTM ចំនួន០១ , អត្តសញ្ញាណប័ណ្ណ០១សន្លឹក ។ 

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ ចន្ទ លីហ្សា


ចែករំលែក៖