ខេត្តបន្ទាយមានជ័យៈ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង០៦និង៤០នាទី មានប្រជាពលរដ្ឋបានប្រទះឃើញសាកសពអណ្ដែតទឹកមួយ នៅចំណុចស្ពានសែសិន ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។ ក្រោយកើតហេតុនោះហើយសមត្ថកិច្ចក៏បានចុះទៅស្រង់សពចេញពីទឹកក់លើគោក និងត្រួតពិនត្យកោសល្យវិច័យ ។ តាមការស្រាវជ្រាវនិងពិនិត្យវិភាគលើសព ។ ជនរងគ្រោះស្លាប់ដោយលង់ទឹក។
បើតាមការណ៍របស់នគរបាលការិយាល័យបច្ចេកទេសនិងវិទ្យាសាស្រ្តឲ្យដឹងថា ជនរងគ្រោះឈ្មោះ វ៉ាង សំអាត ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិកន្ទួត សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ បន្ទាយមានជយ័ ។ ជាបុរសពោះម៉ាយរយៈពេល៣ឆ្នាំ រស់នៅជាមួយនឹងកូនស្រីឈ្មោះ វ៉ន គឹមឡាយ ភេទស្រី អាយុ២៧ឆ្នាំ ដោយសារជនរងគ្រោះជាឪពុកផឹកស្រាជាប្រចាំ (ស្រវឹងខួប) នៅជាមួយមិនកើតក៏ទៅធ្វើកម្មករនៅប្រទេសថៃ ។
យោងតាមការបំភ្លឺរបស់ឈ្មោះ គឹម លៀង ភេទស្រី អាយុ៤៨ឆ្នាំ បានអោយដឹងថា មុនពេលជនរងគ្រោះបាត់ខ្លួន គេបានប្រទះឃើញជនរងគ្រោះហែលទឹកស្ទឹងក្នុងស្ថានភាពស្រវឹង កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយក៏បាត់ខ្លួនតាំងពីពេលនោះរហូតមក ។ ដូច្នោះ តាមការបំភ្លឺរបស់សាច់ញាតិនឹងក្រុមគ្រួសារ និងដោយមានការចូលរួមពិនិត្យពីមន្ត្រីជំនាញកោសល្យវិច័យ ដោយមានការសនិ្នដ្ឋានពីលោកគ្រូពេទ្យដែលនោះ បានបញ្ជាក់ថាសាកសពឈ្មោះវ៉ាង សំអាតបានស្លាប់ដោយសារការលង់ទឹក ។ ក្រោយការពិនិត្យចប់យើងបានធ្វើកំនត់ហេតុប្រគល់សាកសពជូនទៅសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សំ វិច្ឆិកា