ខេត្តបន្ទាយមានជ័យៈ មនុស្ស២នាក់បានស្លាប់នៅនឹងកន្លែងក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងម៉ូតូបុកជាមួយម៉ូតូ កាលពីវេលាម៉ោង១២យប់ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៥៦A ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យ នគរបាលចរាចរណ៍ជើងគោកខេត្ត បានឲ្យដឹងថា៖ជនរងគ្រោះម្នាក់ឈ្មោះសៀវ ចាន់រ៉ា ភេទប្រុសអាយុ៣៥ឆ្នាំ នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ និងម្នាក់ទៀតឈ្មោះ រី ឡងឌី ភេទប្រុសអាយុ២០ឆ្នាំ នៅភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បើកបរម៉ូតូស្គុបពី ពណ៌ផ្កាឈូក ។
លោកនាយរងការិយាល័យ បានបញ្ជាក់ថា៖ នៅមុនពេលកើតហេតុ ឈ្មោះសៀវ ចាន់រ៉ា បើកម៉ូតូហុងដាឌ្រីម បានធ្បើដំណើរពីជើងទៅត្បូង ចំណែកឈ្មោះរី ឡងឌី បើកម៉ូតូស្គុបពី បានធ្វើដំណើរពីត្បូងទៅជើងច្រាសទិសគ្នា ពេលមកចំណុចកើតហេតុ ទល់មុខយានដ្ឋានជួសជុលរថយន្ត(ជាងរី) អ្នកបើកម៉ូតូស្គុបពីបើកមិនប្រកាន់ស្តាំសង្ស័យស្រវឹងបានរេទៅបុកម៉ូតូហុងដាពេញទំហឹងមិនពាក់មួកសុវត្ថិភាពទាំង២នាក់បណ្តាលឲ្យដួលបោកក្បាលនឹងថ្នល់ស្លាប់ទាំងភ្លាមៗទាំង២នាក់ នៅនឹងកន្លែងកើតហេតុ ។
សពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី បន្ទាប់ពីសមត្ថកិច្ចជំនាញបានធ្វើការវាស់វែងរួច៕ នីមវណ្ណា