ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ ត្រូវនគរបាលប៉ុស្តិ៍ទន្លេបាសាក់ ចាប់ខ្លួនក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទ ពីបុរសជនជាតិចិន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ ខណ្ឌចំការមន បានឃាត់ខ្លួនចោរឆក់ទូរស័ព្ទដៃពីបុរសជនជាតិចិនម្នាក់ បានសម្រេចហើយព្យាយាមរត់គេចខ្លួន តែសំណាងអាក្រក់ជិះទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យដួល គាប់ជួនកម្លាំងល្បាតនៅក្បែរនោះចេញមកជួយធ្វើអន្តរាគមន៍ក្របួចជាប់តែម្តង ។

ករណីឆក់ទូរស័ព្ទខាងលើនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចមុខស្ថានទូតរុស្ស៊ី ផ្លូវសុធារស ក្រុម៣៦ ភូមិ៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង២នាក់នេះ ទី១ឈ្មោះ ម៉ៅ ភារិទ្ធ ហៅសុខ ភារិន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ និងជនសង្ស័យទី២មានឈ្មោះ ចាន់ ម៉ង ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅក្នុងវត្តប្រយូវង្ស ផ្លូវព្រះនរោត្តម ភូមិ៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ពេលសមត្ថកិច្ចចុះបង្ក្រាបជនសង្ស័យកំពុងប្រើប្រាស់គ្រឿងញៀន ដកហូតបានម៉ូតូមួយគ្រឿងម៉ាកហុងដាស្កូបពី ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HV-4425 ។ ចំណែកជនរងគ្រោះមានឈ្មោះ YANG XINYU ភេទប្រុស អាយុ២៥ ឆ្នាំ ជនជាតិចិន ស្នាក់នៅខុនដូព្រីនស៍ផ្លាហ្សា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ វត្ថុតាងបាត់បង់រួមមាន ទូរសព្ទដៃម៉ាក iPhone X ពណ៌ស ។

តាមប្រភពពីមន្រ្តីនគរបាលខណ្ឌចំការមន បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះឡំប្រឺតាជាមួយមិត្តស្រី ចេញពីខុនដូរ បំណងទៅលេងកម្សាន្តនៅណាហ្គា២ លុះដល់ចំណុចកើតហេតុជនរងគ្រោះបានដកទូរស័ព្ទម៉ាក iPhone X មកចុច ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្កូបពី ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HV-4425 មកអែបឆ្វេងរួចធ្វើសកម្មភាពឆក់ទូរស័ព្ទជនរងគ្រោះបានសម្រេច ហើយព្យាយាមជិះរត់គេចខ្លួន ប៉ុន្តែសំណាងអាក្រក់បានជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវ បណ្តាលឲ្យដួលហើយនាំគ្នារត់គេចខ្លួនបានតែបន្តិច ក៏ត្រូវសមត្ថកិច្ចមូលដ្ឋានកំពុងជិះល្បាតឃើញចាប់ក្របួចជាប់ទាំង២នាក់តែម្តង ។ ចំណែកទូរស័ព្ទជនរងគ្រោះបានបាត់ ពេលដែលជនសង្ស័យដួលម៉ូតូ ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ទំនប់ទឹក នាំមកសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីឃាត់ខ្លួនបណ្តោះអាសន្ន និងចាត់ការបន្តតាមនីតិវិធី ៕ ស រស្មី


ចែករំលែក៖