ព័ត៌មានទាន់ហេតុការណ៍៖

ដំបងបំពង់ទីប ពូថៅ និងញញួរ ជាច្រើនដើម ត្រូវអាជ្ញាធរខណ្ឌសែនសុខដកហូតពីអ្នករត់ឡំប្រឺតា

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ដាក់កម្លាំងចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ ដើម្បីទប់ស្កាត់រាល់បទល្មើសដែលអាចកើតមានឡើងក្នុងមូលដ្ឋានរបស់ខ្លួន ជាក់ស្តែងបានត្រួតពិនិត្យម៉ូតូឆ្លងកាត់ជាង១០០គ្រឿង ជាលទ្ធផលបានដកហូត ដំបងបំពង់ទីប ; ពូថៅ និងញញួរ ជាច្រើនដើម ។

ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងកាលពីយប់ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ដឹកនាំដោយលោក តិមា សោភា អភិបាលរងខណ្ឌ បានដាក់កម្លាំងចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ នៅមុខប៉ុស្តិ៍នគរបាលទឹកថ្លាចាស់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានកម្លាំងសរុបចំនួន ៤២នាក់ ក្នុងនោះមន្រ្តីសាលាខណ្ឌចំនួន ៩នាក់ នគរបាលខណ្ឌចំនួន ១៥នាក់ កងរាជអាវុធហត្ថខណ្ឌចំនួន ៩នាក់ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌចំនួន ៩នាក់ ។

ជាក់ស្តែង ត្រួតពិនិត្យឃើញម៉ូតូឆ្លងកាត់ចំនួន១៦០គ្រឿង និងដកហូតវត្ថុតាងចំនួនរួមមាន ដំបងទីប៧ដើម ;ពូថៅ១ និងញញួរ៧ដើម ដែលក្រុមអ្នករត់ឡំប្រឺតាដាក់តាមខ្លួន ។ ប៉ុន្តែក្នុងករណីខាងលើនេះមិនមានការឃាត់ខ្លួនមនុស្សណាម្នាក់នោះទេ ។

បច្ចុប្បន្នវត្ថុតាងដកហូតបាន ត្រូវសមត្ថកិច្ចបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌដើម្បីរក្សាទុក ។ ដោយឡែក អាវុធជាតិផ្ទុះឆ្លងកាត់គ្មាន ៕ ចន្ទ លីហ្សា


ចែករំលែក៖