ភ្នំពេញ៖ សមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារ អនិតិជន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បានបញ្ជូនជនសង្ស័យជាជនជាតិចិន ចំនួន០៥នាក់ ទៅតុលាការ ក្រោមការចោទប្រកាន់ពីបទ បង្ខាំងមនុស្សទុកជំរិតទារប្រាក់ រំលោភលើលំនៅដ្ឋាន បង្ខាំងអាជីវកម្ម និងធ្វើឲ្យបាត់បង់ការងារ ដែលប្រព្រឹត្តកាលពីថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចហាង ស៊ីន វ៉ាងដា (ខេមបូឌា) អ៊ិន វេស ម៉ិន អ.ក ផ្ទះលេខ128A7AB ភូមិ១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
អាវុធហត្ថរាជធានីភ្នំពេញបានឲ្យដឹងថា ជនសង្ស័យ ទាំង៥នាក់ រួមមាន៖ ឈ្មោះ វ័ង ជីងប៉ង (WANG.JINBO) អាយុ៤៩ឆ្នាំ, ឈ្មោះ លី ជីយ៉ាង (LI JI YAN) អាយុ៣៥ឆ្នាំ, ឈ្មោះ ថាង វ៉ៃ អាយុ៣៥ឆ្នាំ, ឈ្មោះ ជេរ ឈីង (JIA GUING) អាយុ៣៣ឆ្នាំ និងឈ្មោះ ស៊ូន ស៊ីង (SUN XIN) អាយុ ២៩ឆ្នាំ ។
យោងតាមរបាយការណ៍ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា តាមរយ:ពត៌មានរបស់សាក្សីម្នាក់ ជាជនជាតិខ្មែរ បានរាយការណ៍ថា មានជនជាតិចិនមួយក្រុម បានអុកឡុកហាងបាយមួយកន្លែង និងបានបង្ខាំងជនជាតិចិនម្នាក់ក្នុង ហាងបាយនោះ ដើម្បីគំរាមទារប្រាក់ទៀតផង។ បន្ទាប់ពីបានទទួលព័ត៌មាន កម្លាំងជំនាញនៃការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារ អនិតិជន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានចាត់វិធានការចុះបង្ក្រាប និង ឃាត់ខ្លួនជនសង្ស័យ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយអនុឡោមតាមការណែនាំរបស់ព្រះរាជអាជ្ញា ក្រោមទម្រង់ជាការស៊ើបអង្កេតជាក់ស្តែង និងមានការចូលរួមពីមន្ត្រីមូលដ្ឋាន ចៅសង្កាត់និងមេភូមិផងដែរ។
ក្រោមវិធានការជំនាញ របស់សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យបានសារភាពថា ពួកគេពិតជា បានធ្វើសកម្មភាពបង្ខាំងមនុស្ស បង្ខាំងទីតាំងហាង ស៊ីន វ៉ាងដា(ខេមបូឌា)អ៊ិនវេសមិន បណ្តេញភ្ញៀវដែលមកស្នាក់នៅ ក្នុងសណ្ឋាគារ រួមនឹងបណ្តេញបុគ្គលិក ដែលធ្វើការនៅទីនោះចេញពិតប្រាកដមែន ដោយក្នុងនោះ ឈ្មោះ វ័ង ជីងប៉ង (WANG.JINBO) ជាមេក្លោង បានបញ្ជាឲ្យកូនចៅ០៤នាក់ទៀត បិទទ្វារចាក់សោបង្ខាំងមេការគ្រប់គ្រងទូ ទៅក្នុងហាង ស៊ីន វ៉ាងដា(ខេមបូឌា)អ៊ិនវេសមិន ចាប់ពីថ្ងៃទី០៤ រហូតដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីទុកជំរិតទារប្រាក់ចំនួន 30,000$ (បីម៉ឺនដុល្លារអាមេរិក) ពីថៅកែដែលនៅឯប្រទេសចិន ៕ ជ្រោយពេជ្រ