ភ្នំពេញ៖ ទីបំផុតតារាសម្តែងលោក សន ពិសិដ្ឋ និងព្រះកាយច័ន្ទ នឹងសម្តែងតំណែងជាតួឯករួមគ្នាជាជាលើកដំបូងក្នុងខ្សែភាពយន្តបែបស្រុកស្រែរឿង សម្បថដងស្ទឹង ។ ជំនួបលើកដំបូងនេះត្រូវបានតារាសម្តែងទាំងពីរថាពិតជាប្លែក និងរំពឹងថាទទួលបានកាគាំទ្រច្រើនពីទស្សនិកជន។
ភាពយន្តភាគរឿង “សម្បថដងស្ទឹង” ផលិតដោយទូរទស្សន៍ប៉ុស្តិ៍លេខ៥ ដែលនិយាយពីចំណងស្នេហ៍រវាងកំលោះក្រមុំមួយគូនៅតំបន់ស្រុកស្រែចម្ការ ក្នុងនោះ ព្រះកាយច័ន្ទ សម្ដែងជាតួអង្គឈ្មោះ “នួន” និងសន ពិសិដ្ឋ សម្ដែងជាតួអង្គឈ្មោះ “លាភ”។ អ្នកទាំងពីរបង្ហាញពីអារម្មណ៍ប្លែកៗបន្តិច ប៉ុន្តែមិនមែនភ័យខ្លាចទេផ្ទុយទៅវិញសប្បាយចិត្តដែលទទួលបានដៃគូសម្តែងថ្មី។ព្រះកាយច័ន្ទថា កុំថាឡើយថា ការសម្ដែង សូម្បីតែនៅខាងក្រៅ ក៏មិនដែលបានជួបគ្នា។ ខណៈតារាសម្តែងប្រុសវិញ ក៏អះអាងដូចគ្នាថា ជាបទពិសោធន៍លើកដំបូងរបស់លោកជាមួយ ព្រះកាយច័ន្ទ។ មិនត្រឹមប៉ុណ្ណឹង នេះគឺជាតួឯកលើកដំបូងថែមទៀតក្នុងការសម្ដែងភាពយន្តប្រភេទភាគសម្រាប់ទូរទស្សន៍។បើទោះជាការជួបគ្នាលើកដំបូង ប៉ុន្តែពួកគេទាំងពីរមានជំនឿថា អាចនឹងសម្ដែងចូលគ្នាបានល្អ ដោយសំអាងថា ម្នាក់ៗក៏សុទ្ធតែមានបទពិសោធន៍ច្រើនរៀងៗខ្លួនហើយ។
តាមឯកឧត្ដម ស៊ិន សុផាត ប្រធានផលិតកម្មវិធីទូរទស្សន៍របស់ទូរទស្សន៍លេង៥ បានបញ្ជាក់ថា រឿងនេះ គឺជារឿងទី ២៣ ហើយសម្រាប់ស្ថានីយរបស់លោក នេះដោយមិនរាប់បញ្ចូលភាពយន្តដែលផលិតកម្មផ្សេងសម្រាប់ប៉ុស្តិ៍លេខ៥ផង។ ចំពោះរឿង “សម្បថដងស្ទឹង” បន្ទាប់បើកពិធីក្រុងពាលីព្រឹកនេះ ក្រុមការងារផលិតគ្រោងនឹងចេញថតនៅក្រោយបុណ្យអុំទូករួចរាល់។ ដោយឡែក កាលបរិច្ឆេទដាក់បញ្ចាំងមិនទាន់មានការបញ្ជាក់ឲ្យច្បាស់នៅឡើយ។
ផលិតករក្នុងភាពយន្តនេះបង្ហើបថារឿង “សម្បថដងស្ទឹង” និយាយពីចំណងស្នេហារបស់កំលោះក្រមុំមួយគូ កើតនៅតំបន់ជនបទ។ នួន ជាក្រមុំកើតក្នុងគ្រួសារក្រីក្រ ដោយឡែក លាភ ជាកូនមេឃុំ។ ដូច្នេះហើយចំណងស្នេហ៍របស់ពួកគេ ពោរពេញដោយឧបសគ្គជាច្រើន ពិសេសតួស្រី រងគំនាបផ្លូវចិត្តជាច្រើន រហូតដល់នាងត្រូវបង្ខំចិត្តរៀបការជាមួយបុរសដែលនាងមិនស្រឡាញ់ទៅវិញ។ សាច់រឿងយ៉ាងណា មានតែចាំតាមដានក្រោយពេលចេញបញ្ចាំងប៉ុណ្ណោះ ៕ វឌ្ឍនា