ខេត្តកំពង់ឆ្នាំង៖ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលពីមនុស្សពីរនាក់ជាប្តីប្រពន្ធបានស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីរថយន្តមួយគ្រឿងបានបុកក្នុងពេលដែលជែងរថយន្តមួយទៀត ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥ និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូចជាតិ លេខ៥ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ៦៤និងលេខ៦៥ ស្ថិតនៅភូមិធ្លកយល់ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខណៈដែលរថយន្ត ទូរីសមួយគ្រឿងបើកជែងមិនប្រយ័ត្ន បណ្តាលឱ្យបុកម៉ូតូជនរងគ្រោះ ២នាក់ប្តីប្រពន្ឋ ក្នុងដំណើរច្រាស់ទិស គ្នា ។
សមត្ថកិច្ចនគរបាល ស្រុកកំពង់ត្រឡាចបានឱ្យដឹងថា ជនរងគ្រោះដែលបានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើឈ្មោះ បេង លុច ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិចាន់ត្រក ឃុំក្រាំងស្គារ ស្រុកទឹកផុស ជាអ្នកបើកបរម៉ូតូ ប្រពន្ឋដែលជិះពីក្រោយឈ្មោះ សែន សុខខឿន អាយុ ២៤ឆ្នាំ រស់នៅភូមិចំបក់ប្រសាទ ឃុំក្រាំងស្គារ ស្រុកទឹកផុស ។
សមត្ថកិច្ចនគរបាលបានឱ្យដឹងទៀតថា មុនពេលកើតហេតុជនរងគ្រោះពីរនាក់ប្ដីប្រពន្ធបានជិះម៉ូតូម៉ាក ហ្ស៊ុយស៊ុយគី ស្មាស់ ពណ៌ក្រហម ពាក់ស្លាកលេខព្រៃវែង ១c -៦២៩៩ ក្នុងដំណើរពីត្បូងទៅ ជើង ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២N-៥៨៩៣បើកបរដោយជនពុំស្គាល់ឈ្មោះ ក្នុងដំណើរ ពីជើងទៅត្បូង បានបើកជែងក្នុងស្ថានភាពគ្រោះថ្នាក់ រួចជ្រុលទៅបុកម៉ូតូជនរងគ្រោះ ក្នុងដំណើរច្រាស់ទិសគ្នាបណ្ដាលឱ្យ ស្លាប់ទាំង២នាក់ប្តីប្រពន្ឋយ៉ាងអាណោចអាធ័មតែម្ដង ។
ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបង្ក បានរត់គេចខ្លួនបាត់ បន្សល់រថយន្តនៅកន្លែងកើតហេតុតែប៉ុណ្ណោះ។
សាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុ ពួកគាត់ដែលជាជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធជាកម្មកររោងចក្រ ដោយសារតែថ្ងៃឈប់សម្រាក ពួកគេបានឌុបគ្នាទៅផ្ទះ ឃុំក្រាំងស្គា ស្រុកទឹកផុស ពេលមដល់កន្លែងកកើតហេតុ ក៏ត្រូវរថយន្តសាំយ៉ុងបុកស្លាប់ទាំងពីរនាក់ប្តីប្រពន្ធតែម្តង ចំណែកឯពួកគេ(សាក្សី) ដែលជិះម៉ូតូក្បែរគាត់ បានគេចរហូតដល់ធ្លាក់ចុះទៅចិញ្ចើមផ្លូវ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានយករថយន្តបង្ករ និងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការនគរបាលស្រុកកំពង់ត្រឡាចដើម្បីដោះស្រាយតាមនីតិវិធី។ ចំណែកជនរងគ្រោះទាំង ២ នាក់ប្តីប្រពន្ធត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យ ៕ ចន្ថា