ខេត្តសៀមរាប៖ លោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្ត សៀមរាប បានឲ្យដឹងនៅរសៀលថ្ងៃទី១១ ខែវិច្ឆិកាថា ស្ត្រីម្នាក់ជិះឡានក្រុងពីភ្នំពេញដើម្បីលូកហោប៉ៅភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិនៅកន្លែងអុំទូក មាត់ស្ទឹងសៀមរាប ត្រូវនគរបាលឃាត់ខ្លួនបាន ខណៈកំពុងធ្វើសកម្មភាព ។
លោកនាយការិយាល័យបន្តថា ជនសង្ស័យម្នាក់ឈ្មោះគង់ ស្រីយ៉ា ភេទស្រី អាយុ ៣០ឆ្នាំ ទីលំនៅភូមិបឹងកក់ សង្កាត់ស្រះចក ខ័ណ្ឌដូនពេញ ក្រុង ភ្នំពេញ នៅវេលាម៉ោង ០៤និង០០នាទី ទៀបភ្លឺថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ឈ្មោះគង់ ស្រីយ៉ា ភេទស្រី បានជិះរថយន្ដក្រុងពីក្រុង ភ្នំពេញ មកកាន់ខេត្ត សៀមរាប ក្នុងគោលបំណងមកលេងបុណ្យអ៊ុំទូកនឹងធ្វើសកម្មភាពលូកហោរប៉ៅ នៅកន្លែងអ៊ុំទូកតាមដងស្ទឹងសៀមរាប លុះដល់វេលាម៉ោង១៧ និង០០ នាទី ថ្ងៃខែឆ្នាំដដែល ឈ្មោះគង់ ស្រីយ៉ា បានមកដល់ខេត្តសៀមរាបហើយដើរចូលទៅក្នុងកន្លែងតាំងពិពណ៌នៅសួនព្រះអង្គចេកព្រះអង្គចម លុះដល់វេលាម៉ោង១៩ និង៤០ នាទី ឈ្មោះគង់ ស្រីយ៉ា បានធ្វើសកម្មភាពរ៉ួតកាបូបស្ពាយរបស់ស្រ្ដីម្នាក់តែមិនបានសម្រេច ត្រូវកម្លាំងនគរបាលជំនាញឃើញទាន់ធ្វើការឃាត់ខ្លួនឈ្មោះគង់ ស្រីយ៉ា យកមកសាកសួរ ។
ក្រោយពីធ្វើការសាកសួរឈ្មោះគង់ ស្រីយ៉ា បានឆ្លើយសារភាពថា ខ្លួនពិតជាធ្វើសកម្មភាពដូចដែលបានរៀបរាប់ខាងលើពិតប្រាកដមែន ។
បច្ចុប្បន្នកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្ត សៀមរាប កំពុងរៀបចំសំណំុរឿង បញ្ជូនខ្លួនជនសង្ស័យខាងលើទៅតុលាការ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕ ប៊ុនរិទ្ធី