ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខឯកជនម្នាក់ស្រវឹងស្រាយកដំបងជ័រ វាយបុរសជាសន្តិសុខដូចគ្នា បែកក្បាលដេរអស់៧ថ្នេរ

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលប៉ុស្ត៍រដ្ឋបាលបាវិតបាន ឃាត់ខ្លួនជនសង្ស័យជាសន្តិសុខឯកជនម្នាក់ បន្ទាប់ពីបានប្រើហិង្សាយកដំបងជ័រវាយក្បាលបុរសជាសន្តិសុខដូចគ្នាម្នាក់បណ្ដាលឲ្យរងរបួសធ្ងន់ ខណៈផឹកស្រាស្រវឹងជោកទាស់ពាក្យសំដី ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៥នាទីយប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីស្នាក់ការសន្តិសុខសារ៉ាបូពារ៍ ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ស៊ុយ សំ អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខសារ៉ាបូពារ៍ មានទីលំនៅភូមិជ្រោយ ឃុំវិហ៑ាលួង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ចំណែកជនរងគ្រោះមានឈ្មោះ បូន រ៉ាម៉ូ អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបសន្តិសុខសារ៉ាបូពារ៍ មានទីលំនៅភូមិថ្មី ឃុំវិហាលួង ខេត្តត្បូងឃ្មុំ ។

ប្រភពបន្តថា ជនរងគ្រោះរងរបួសក្បាលដោយត្រូវក្រុមគ្រូពេទ្យដេរអស់៧ថ្នេរកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យពន្លឺបូពារ៍ ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

បើតាមអ្នកភូមិបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសជាជនសង្ស័យផឹកស្រាស្រវឹងជោក ហើយក៏មានជម្លោះពាក្យសំដីជាមួយជនរងគ្រោះ ខណៈនោះស្រាប់តែឃើញជនសង្ស័យបានទាញយកដំបងជ័រពណ៌ខ្មៅ វាយក្បាលបុរសរងគ្រោះបណ្ដាលឲ្យបែកក្បាលហូរឈាមបង្កការភ្ញាក់ផ្អើលតែម្ដង ។

បច្ចប្បន្នជនសង្ស័យសមត្ថកិច្ចបានឃុំខ្លួនជាបណ្តោះអាសន្ននៅប៉ស្តិ៍នគរបាលរដ្ឋបាលបាវិតដើម្បីបំពេញសំណុំរឿងតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖