ជាច្រើនឆ្នាំកន្លងមក បញ្ហាក្រុមជនជាតិឥស្លាម រ៉ូហ៊ីងយ៉ានៅក្នុងប្រទេសមីយ៉ានម៉ា(ភូមា) គឺជាប្រធានបទក្តៅបំផុតនៅក្នុងតំបន់អាស៊ា នក្រោយពេលមានជនជាតិរ៉ូហ៊ីងយ៉ាជាច្រើន រងការសម្លាប់ដុតបំផ្លាញផ្ទះសម្បែង និងបង្ខំឲ្យចាកចេញពីលំនៅឋានភៀសខ្លួនទៅកាន់ប្រទេស បង់ក្លាដែស ។
កន្លងមក តុលាការព្រហ្មទណ្ឌអន្តរជាតិប្រកាសបើកអង្កេត អំពើ“ឧក្រិដ្ឋកម្ម” លើជនជាតិរ៉ូហ៊ីងយ៉ា ហើយការស៊ើបអង្គេត ជាបឋម បានធ្វើឡើង ជាងមួយឆ្នាំមកហើយ។ កាលពីថ្ងៃទី ១៤ វិច្ឆិកា ២០១៩នេះ តុលាការព្រហ្មទណ្ឌអន្តរជាតិ (CPI) បានប្រកាសបើកអង្កេតជាផ្លូវការ ទង្វើហិង្សារបស់ភូមា ប្រឆាំងនឹងជនជាតិភាគតិចកាន់សាសនាឥស្លាមរ៉ូហ៊ីងយ៉ា រហូតមានចរន្តរត់ភៀសទាំងហ្វូងទៅប្រទេសបង់ក្លាដែសជិតខាង ថាពិតជាឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ដូចគេសង្ស័យមែនឬយ៉ាងណា?
តុលាការព្រហ្មទណ្ឌអន្តរជាតិដែលមានបន្ទុកជំនុំជំរះបទឧក្រិដ្ឋធំៗ និងអាក្រក់ៗបំផុត នៅលើពិភពលោក បានចេញសេចក្តីថ្លែងការណ៍ ប្រកាសអនុញ្ញាតឲ្យរដ្ឋអាជ្ញារបើកអង្កេតជាផ្លូវការ សកម្មភាពឧក្រិដ្ឋរបស់ភូមាលើជនជាតិរ៉ូហ៊ីងយ៉ា ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ “បន្ទាប់ពីបានត្រួតពិនិត្យបឋម តុលាការសង្កេតឃើញមានសកម្មភាពហិង្សាជាទូទៅ និងជាស្វ័យប្រវត្តិ ដែលអាចរាប់បានថាទង្វើឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ នៅតាមព្រំដែនភូមានិងបង់ក្លាដែស និងមានការធ្វើទុក្ខមុកម្នេញលើជនជាតិរ៉ូហ៊ីងយ៉ា ក្រោមហេតុផលសាសនានិងជាតិពិន្ធុ។ ទំហំនៃឧក្រិដ្ឋកម្ម ចំនួនជនរងគ្រោះ និងចំនួនជនភៀសខ្លួនប្រមាណពី៦សែនទៅ១លាននាក់រត់ពីភូមាទៅជ្រកកោននៅបង់ក្លាដែស បានបង្ហាញយ៉ាងច្បាស់ពីស្ថានភាពធ្ងន់ធ្ងរខ្លាំង ដែលតុលាការត្រូវតែបើកអង្កេត”។
សូមបញ្ជាក់ថា នៅខែសីហា ឆ្នាំ២០១៧ ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ប្រមាណជាង៧៤០០០នាក់ បាននាំគ្នារត់គេចខ្លួនពីភូមាដែលប្រជាជនភាគច្រើនជាអ្នកកាន់ព្រះពុទ្ធសាសនា ក្រោយពីយោធាភូមាបានបើកប្រតិបត្តិការបង្ក្រាប។ ជាការរត់ភៀសខ្លួនទ្រង់ទ្រាយធំបំផុត មួយក្នុងប្រវត្តិសាស្ត្រពិភពលោក។
នៅខែកញ្ញា ឆ្នាំ២០១៨ រដ្ឋអាជ្ញាររបស់តុលាការ លោកស្រី ហ្វាទូ បេនស៊ូដា បានបើកការត្រួតពិនិត្យបឋម បន្ទាប់ពីតុលាការក្រុងឡាអេ បានប្រកាសទទួលស្គាល់យុត្តាធិការបស់ខ្លួនក្នុងការស៊ើបអង្កេតនិងជំនុំជំរះសំណុំរឿងរ៉ូហ៊ីងយ៉ានេះ ព្រោះថ្វីបើភូមាមិនមែនជាប្រទេសហត្ថលេខីនៃសន្ធិសញ្ញាក្រុងរ៉ូម -ស្ថាបនិកតុលាការនេះមែន ប៉ុន្តែបង់ក្លាដែសដែលរងបន្ទុកទទួលជនជាតិរ៉ូហ៊ីងយ៉ាជាសមាជិករបស់សន្ធិសញ្ញា។ លោកស្រីរដ្ឋអាជ្ញារ បានស្នើសុំឲ្យតុលាការបើកអង្កេតជាផ្លូវការ តាំងពីខែមិថុនាមក តែទើបបានទទួលចម្លើយវិជ្ជមាននៅថ្ងៃនេះ។
កាលពីថ្ងៃចន្ទ ហ្កំប៊ី តំណាងឲ្យប្រទេសជាសមាជិកអង្កការកិច្ចសហប្រតិបត្តិការឥស្លាម៥៧ផ្សេងទៀត បានដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិប្រឆាំងនឹងភូមាដែរចំពោះទង្វើបែបប្រល័យពូជសាសន៍ជនជាតិភាគតិចឥស្លាមរ៉ូហ៊ីងយ៉ានេះ។
បញ្ហាក្រុមជនជាតិរ៉ូហ៊ីងយ៉ា នៅក្នុងប្រទេសមីយ៉ានម៉ា បានធ្វើឲ្យកិត្តិយស របស់ថ្នាក់ដឹកនាំ គឺលោកស្រីអង់សាន ស៊ូជី ធ្លាប់ទទួលបានពានរង្វាន់ណូបែលសន្តិភាព។ នៅពេលនេះ ក្រុមអង្គការសិទ្ធិមនុស្សបានសម្រេចដាក់ពាក់បណ្តឹងទៅលើលោកស្រី ពាក់ព័ន្ធបញ្ហាជនជាតិរ៉ូហ៊ីងយ៉ា។
ក្រុមអង្គការសិទ្ធិមនុស្សបានដាក់ពាក្យបណ្តឹង ទៅកាន់តុលាការក្នុងប្រទេសអាហ្សង់ទីន ប្រឆាំងទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ាគឺលោកស្រី អោងសាន ស៊ូជី (Aung San Suu Kyi) ព្រមទាំងមន្រ្តីកំពូលៗមួយចំនួនទៀតរបស់មីយ៉ាន់ម៉ា ពាក់ព័ន្ធនឹងអំពើហិង្សាប្រឆាំងជនជាតិភាគតិចរ៉ូហ៊ីងយ៉ា កាលពីឆ្នាំ២០១៧។
ក្រុមអង្គការការពារសិទ្ធិមនុស្សទាំងនោះ បានដាក់ពាក្យបណ្តឹងនៅអាហ្សង់ទីន ក្រោមគោលការណ៍ដែនសមត្ថកិច្ចសាកល ដែលអាចប្រើប្រាស់នៅក្នុងច្បាប់ នៃបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក។ ក្នុងន័យនេះគឺទង្វើខ្លះ ដូចជាបទឧក្រិដ្ឋសង្រ្គាម និងបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិជាដើម ដែលអាក្រក់ព្រៃផ្សៃខ្លាំងពេក គឺមិនអាស្រ័យតែទៅលើប្រទេសណាមួយជាក់លាក់ឡើយ ហើយអាចកាត់សេចក្តីបាននៅគ្រប់ទីកន្លែង។
សម្រាប់ពាក្យបណ្តឹងខាងលើ គឺធ្វើឡើងដើម្បីទាមទារទៅតាមនីតិវិធីច្បាប់អន្តរជាតិ ឲ្យថ្នាក់ដឹកនាំកំពូលៗនៃផ្នែកយោធា និងផ្នែកនយោបាយរបស់មីយ៉ាន់ម៉ា រួមមានទាំងលោកឧត្តមសេនីយ៍ មីន អ៊ុងហ្លេង (Min Aung Hlaing) និងលោកស្រី Suu Kyi ប្រឈមមុខចំពោះផ្លូវច្បាប់ពាក់ព័ន្ធទង្វើគំរាមកំហែង និងយាយី ដែលជនជាតិភាគតិចរ៉ូហ៊ីងយ៉ាបានទទួលរង។
គួរជម្រាបថា តុលាការនៅក្នុងប្រទេសអាហ្សង់ទីនកន្លងមក ធ្លាប់បានទទួលសំណុំរឿងមួយចំនួន នៅក្រោមគោលការណ៍នៃដែនសមត្ថកិច្ចសកល ក្នុងនោះមានករណីទាក់ទិននឹងអតីតមេដឹកនាំផ្តាច់ការអេស៉្បាញលោក ហ្វ្រង់ស៊ីស្កូ ហ្វ្រង់កូ (Francisco Franco) ក៏ដូចជាចលនា ហ្វាលុន កុង (Falun Gong) នៅចិន។ កាលពីដើមសប្តាហ៍នេះ ក៏មានការដាក់ពាក្យបណ្តឹងដាច់ដោយឡែកមួយទៀត ប្រឆាំងនឹងរដ្ឋាភិបាលមីយ៉ាន់ម៉ា ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ក្នុងទីក្រុងឡាអេផងដែរ។
ចំណែកឯកាលពីឆ្នាំមុន ក្រុមអ្នកស៊ើបអង្កេតរបស់ UN បានចាត់ទុកសកម្មភាពបង្រ្កាបយ៉ាងហិង្សា របស់យោធាមីយ៉ាន់ម៉ាលើជនជាតិរ៉ូហ៊ីងយ៉ាកាលពីឆ្នាំ២០១៧ ប្រៀបដូចជាទង្វើប្រល័យពូជសាសន៍ បន្ទាប់ពីជនជាតិភាគតិចនេះប្រមាណ ៧៤០,០០០នាក់ ត្រូវបានបង្ខំឲ្យភៀសខ្លួនទៅកាន់បង់ក្លាដែស៕