ព័ត៌មានទាន់ហេតុការណ៍៖

ខឹងសុំលុយបុរសម្នាក់២០០ដុល្លារមិនបានតាមវាយកញ្ចក់រថយន្តដល់ផ្ទះ

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់បានស្ទាក់គំរាម យកលុយពីបុរសម្នាក់ចំនួន២០០ដុល្លារ តែជនរងគ្រោះឲ្យតែ៥០ដុល្លារ ទេីបជនសង្ស័យខឹងតាមវាយកញ្ចក់រថយន្តដល់ផ្ទះនៅចំណុចភូមិក្រាំងដូនទៃ​ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហេីយគេចខ្លួនបាត់វេលាម៉ោង១៧និង៣០នាទីថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ រហូតមកដល់វេលាម៉ោង១៦និង៣០នាទី ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១៩​ នៅផ្ទះលេខ៧៧ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញត្រូវបាននគរបាលឃាត់ខ្លួនពីបទធ្វើឲ្យខូចខាតដោយចេតនា កើតឡើងមួយលើក បង្កឡើងដោយៈឈ្មោះសាន់ ចន្តា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ៧៧ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ 

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះ ឈ្មោះ ភឿន រដ្ឋណា ភេទ ប្រុស អាយុ២៩ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅផ្ទះលេខ១៧៨ ផ្លូវបេតុង ក្រុមទី១ ភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប្រភពបានបន្តថា សម្ភារខូចខាត បែកកញ្ចក់មុខរថយន្តចំនួនមួយផ្ទាំង ។

 សមត្ថកិច្ចបានឲ្យដឹងថា​ មុនពេលកើតហេតុ​ ជនរងគ្រោះបានជិះម៉ូតូជាមួយប្រពន្ធចេញពីផ្ទះនៅភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទៅយកលុយថ្លៃផ្ទះជួល នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានចំនួន៥៩០ដុល្លាររួចក៏ជិះម៉ូតូជាមួយប្រពន្ធ យកលុយផ្ទះជួលទៅឲ្យជីតានៅ ភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ពេលនោះបានជួបជនសង្ស័យមកសុំលុយជនរងគ្រោះចំនួន ២០០ដុល្លារ តែជនរងគ្រោះ ឲ្យ៥០ដុល្លារ រួចជនសង្ស័យខឹង ក៏ជិះម៉ូតូតាមមកដល់ផ្ទះជនរងគ្រោះនៅភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍​ សែនជ័យ រាជធានីភ្នំពេញ វាយកំទេចកញ្ចក់រថយន្ត របស់ជនរងគ្រោះបណ្តាលឲ្យបែកកញ្ចក់មុខចំនួនមួយផ្ទាំង រួចក៏គេចខ្លួនបាត់ បន្ទាប់មកជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ ។

សមត្ថកិច្ចបានបន្តថា​ រហូតដល់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១៩​ វេលាម៉ោង១៦និង៣០នាទី ជនរងគ្រោះតាមរកជនសង្ស័យឃើញនៅផ្ទះលេខ៧៧ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យនាំយកមកប្រគល់ជូនសមត្ថកិច្ចនគរបាលដើម្បីចាត់ការតាមផ្លូវ ច្បាប់តែម្តង ៕ សុខាសែនជ័យ​


ចែករំលែក៖