ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក ៖ ស្នងការរងខេត្តតាកែវ វង្ស ហុងលី ត្រូវប៉ាន់ជាងគេ 

ចែករំលែក៖

គេរាយការណ៍ថា នៅក្នុងចំណោមស្នងការរងជាច្រើនរូបនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ មានតែលោក វង្ស ហុងលី ម្នាក់ប៉ុណ្ណោះ ដែលជាអ្នកមានអំណាច និងជាប្រភពសេដ្ឋកិច្ចហិរញ្ញវត្ថុរបស់លោកស្នងការ ។ ក្នុងនាមជា អ្នកទទួលផែនសេដ្ឋកិច្ច លោក វង្ស់ ហុងលី ប្រមូលសព្វគ្រប់ ទាំងបញ្ហាជលផល ក៏ដូចជាបញ្ហានាំទំនិញចូលគ្រប់ប្រភេទពីប្រទេសវៀតណាម ។ ពួកឈ្មួញ ក៏ដូចជាអ្នករកស៊ីបទល្មើសនេសាទអះអាងថា ក្រៅពីបង់ប្រាក់ឲ្យពួកជំនាញ (ជលផល) ក៏ត្រូវបង់ប្រាក់ជូននគរបាលបង្ក្រាបបទល្មើសសេដ្ឋកិច្ចក្នុងតម្លៃថ្លៃដូចស្ថាប័នជំនាញដែរ ។

គេខ្សឹបថា បញ្ហារថយន្តតទ្រុង ក៏ជាប្រភពចំណូលរបស់លោកស្នងការរង វង្ស ហុងលីនោះដែរ ។ អ្វីដែលជាចំណូលជាប្រចាំគឺឈ្មួញនាំទំនិញពីប្រទេសវៀតណាម ។ រីឯចំណូលដែលបានពីការគាបង្កត់ពីអ្នករកស៊ី ដូចជា ឈ្មួញវៀតណាមចូលមកនេសាទល្មើសច្បាប់ក្នុងស្រុកបុរីជលសារ និងស្រុកអង្គរបុរី សុទ្ធតែមិនអាចគេចផុតពី ការដែលត្រូវបង់ប្រាក់ជូនលោក វង្ស ហុងលីនោះឡើយ ។ ពួកអ្នកនេសាទជនជាតិវៀតណាមអះអាងថា បើទោះបីជាគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជាបែបណាក៏ដោយ ប៉ុន្តែពួកគេមានប្រាក់នៅតែអាចចូលមកនេសាទដោយប្រើឧបករណ៍ល្មើសច្បាប់បានយ៉ាងស្រួល ។

សម្រាប់ពួកឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់អះអាងថា ពួកគេត្រូវតែបង់ប្រាក់ជូនលោក វង្ស ហុងលី ទាំងប្រចាំខែ ប្រចាំសប្តាហ៍ និងទៅតាមទំហំទំនិញ ។ គ្មានពេលដែលអាចថាគេចផុតពីការមិនត្រូវបង់ប្រាក់ជូនលោកស្នងការរងខេត្តតាកែវនោះ ។ សម្រាប់ពួកអ្នកដឹកទំនិញទាំងនោះគេចាត់ទុកថាជាម៉ូយ ដែលជាប្រភពចំណូលរបស់លោក វង្ស ហុងលី ។ រីឯបញ្ហាយកប្រាក់ពីអ្នកនេសាទវៀតណាម ឬអ្នកតទ្រុងរថយន្តល្មើសច្បាប់ ចាត់ទុកថាជា កាកល្អិតសម្រាប់លោក វង្ស ហុងលី គ្រាន់បាយទឹក ។ នៅមានរឿងពួកមន្ត្រីនគរបាលនៃស្នងការដ្ឋានខេត្តតាកែវ ខ្សឹបច្រើនទៀត ៕


ចែករំលែក៖