ភ្នំពេញ៖ ដោយបានទទួលការអនុញញាតដ៏ ខ្ពង់ ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃនព្រះរាជាណាកម្ពុជា លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលជួបប្រតិភូ សាសនាចក្រ ព្រះយេស៊ូវគ្រឹស្ទ នៃបរិស័ទ្ធថ្ងៃចុងក្រោយពិភពលោក ដឹកនាំដោយ លោក រ៉ុសឹល នែលសឹន (Russell M. Nelson) នៅទីស្តីការក្រសួង នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
នៅក្នុងជំនួបពិភាក្សានេះ លោក រ៉ុសឹល នែលសឹន បានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រ និងអនុញ្ញាតឲ្យសាសនាចក្រ ព្រះយេស៊ូវគ្រឹស្ទនៃបរិស័ទ្ធថ្ងៃចុងក្រោយពិភពលោក បានមានសកម្មភាពនៅកម្ពុជា ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍នៅតាមសហគមន៍នានាក្នុងប្រទេសកម្ពុជា លើផ្នែកមនុស្សធម៌ វេជ្ជសាស្ត្រ ការបណ្តុះបណ្តាលធនធានមនុស្ស និងសាសនា ។
ប្រតិភូក៏បានជំរាបជូនលោកស្រី ឧបនាយករដ្ឋមន្ត្រីពីសកម្មភាពមួយចំនួនដែលក្រុមសាសនាចក្រ ព្រះយេស៊ូគ្រីស្ទ បានមកបោះ ទីតាំងនៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៤ មកដល់បច្ចុប្បន្ន ក្នុងនោះបានផ្តោតលើការកសាងមន្ទីរពេទ្យ សម្ភព និងការរួមចំណែកបណ្តុះបណ្តាលផ្នែកវេជ្ជសាស្ត្រ ដល់ក្រុមគ្រូពេទ្យ ។ ដោយឡែកនៅពេលខាងមុខ ក៏នឹងមានការកសាងព្រះវិហារមួយយ៉ាងធំនៅកម្ពុជា ដែលមានឈ្មោះថា ព្រះវិហារបរិសុទ្ធ ដែលជាទីគោរពសក្ការៈរបស់គ្រីស្ទបរិស័ទទូទៅ ។
ជាការឆ្លើយតប ក្នុងនាមសម្តេចអគ្គមហាសេនបតីតេជោ ហ៊ុន សែន លោកស្រី ម៉ែន សំអន បានផ្តាំផ្ញើសួរសុខទុក្ខពីសម្តេច ផ្ញើជូនប្រតិភូប្រកបដោយនឹករលឹក និងបានជំរាបជូនពីសកម្មភាពដ៏មរមារញឹករបស់សម្តេច ក្នុងខណៈដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិច ដែលមានប្រមុរដ្ឋ នៃបណ្តាប្រទេសជាច្រើន រួមនឹងភ្ញៀវអន្តរជាតិប្រមាណពីរពាន់នាក់ បានមកជួបជុំគ្នានៅកម្ពុជា ។
លោកស្រីកិត្តិសង្គហបណ្ឌិត បានរំលឹកនូវប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងជាគន្លឹះមួយចំនួន នៅក្នុងកិច្ចប្រជុំនាពេលនេះ ក្រោមប្រធានបទ ការឆ្លើយតបចំពោះបញ្ហាប្រឈមគន្លឹះនាពេលបច្ចុប្បន្ន៖ សន្តិភាព ការបង្រួបបង្រួមជាតិ ការពឹងពាកគ្នាទៅវិញទៅមក វិបុលភាពទៅវិញទៅមក និងគុណតំលៃសកល ។
លោកស្រី បន្តថា បច្ចុប្បន្នកម្ពុជាកំពុងមានសន្តិភាព ដែលជាឱកាសសំរាប់ការអភិវឌ្ឍប្រទេស ពិសេសបានផ្តល់ឱកាសដល់គ្រប់សាសនាបានមកបំពេញតាមជំនឿរបស់ប្រជាជនរៀងៗខ្លួន ដោយមិនប្រកាន់និន្នាការ ជាតិសាសន៍ ហើយកំពុងដំណើរការប្រកបដោយសុខដុមរម្មនា ។
ចុងបញ្ចប់លោកស្រី ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ក្នុងនាមសម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ លោក រ៉ុសឹល នែលសឹន (Russell M. Nelson) និងសហការីដែលបានអញ្ជើញមកជួបសំណេះ សំ ណាលនាឱកាសនេះ និងសុំបន្តកិច្ចការនៅកម្ពុជាឲ្យកាន់តែរីកចំរើនឡើងថែមទៀត ៕ សំរិត