ខេត្តសៀមរាប៖ ប្រភពពីប្រជាពលរដ្ឋ ដែលរស់នៅក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប បានឲ្យដឹងដែរថា មន្ត្រីប៉ូលិសចរាចរណ៍ជើងទឹកម្នាក់ឈ្មោះ ជា ប៊ុនវី គឺជាមន្ត្រីប៉ូលីស ដែលធ្វើការនៅក្នុងប៉ុស្តិ៍មូលដ្ឋានខាងលើ បានផឹកស្រាស្រវឹង ហើយបាញ់បោះដោយសេរី យ៉ាងអនាធិបតេយ្យបំផុត ។
ប្រភពបន្តទៀតថា ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ វេលាម៉ោង ១៨:៤៥នាទី នៅជិតផែបណ្ដែតទឹករបស់ការិយាល័យចរាចរណ៍ផ្លូវទឹក នៅចំណុចខាងត្បូងក្បាលកន្ធីគមចំងាយ ១០០ម៉ែត្រ ស្ថិតនៅក្នុង ភូមិទី៥ ចំងាយ១០០ម៉ែត្រ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ។
ករណីបាញ់បោះខាងលើនេះដែរអ្នកយកព័ត៌មាន មិនអាច សុំការបកស្រាយពី លោក ជា ប៊ុនវី បានទេ រីឯចំណែកលោក រឿនមេប៉ុស្ដិ៍ចុងឃ្នាស បានប្រាប់តាមទូរស័ព្ទ យ៉ាងខ្លីថាគាត់ កំពុងតែទៅរៀនចំណែកឯ លោក អ៊ុម៉ារី ចៅសង្កាត់ចុងឃ្នៀស បានប្រាប់តាមទូរស័ព្ទ ថាពិតជាមានការបាញ់បោះពិតមែន ប៉ុន្តែ ករណីបាញ់បោះនេះ សមត្ថកិច្ច បានធ្វើសំណុំរឿងទៅដល់ថ្នាក់លើហើយ ។
ដូច្នេះហើយទើបប្រជាពលរដ្ឋរស់ក្នុងមូលដ្ឋានខាងលើបានសំណូមពរទៅដល់ លោក ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប ក៏ដូចជាអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធមេត្តាចាត់វិធានការ និងស៊ើបអង្កេតរឿងករណីបាញ់បោះនេះជាបន្ទាន់ផង ខណៈដែលភ្ញៀវទេសចរក៏ដូចជាប្រជាពលរដ្ឋកំពុងតែភ្ញាក់ផ្អើល និងភ័យខ្លាចយ៉ាងខ្លាំង ៕ ប៊ុនរិទ្ធី