ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បានស្លាប់ ខណៈបញ្ជូនដល់មន្ទីរពេទ្យ ដោយសារគ្រោះថ្នាក់រវាងរថយន្តបុកម៉ូតូ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់បានស្លាប់ពេលដែលបញ្ជូនទៅដល់មន្ទីរពទ្យ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរយន្តបុកជាមួយម៉ូតូកាលពីវេលម៉ោង៨យប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចំណុចមុខសួនស្ព័រ ស្ថិតក្នុង ភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ប្រភពព័ត៌មានពីបងប្រុសបង្កើតរបស់ជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះឌី ណា ភេទប្រុសអាយុ១៦ឆ្នាំ នៅខេត្តពោធិសាត់ មកធ្វើជាងជួសជុលត្រាក់ទ័រ និងឡាន នៅភូមិព្រែកល្ពៅ ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ រយៈពេល៣-៤ឆ្នាំមកហើយ ។

មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម្នាក់ឯង ក្នុងគោលបំណងមកលេងក្នុងក្រុងសិរីសៅភ័ណ ចៃដន្យក៏ជួបហេតុការណ៍គ្រោះថ្នាក់តែម្តង ។

តាមប្រភពព័ត៌មានពីនគរបាលចរាចរណ៍ខេត្ត បានប្រាប់ថា៖ មុនពេល់កើតហេតុជនរងគ្រោះ បានជិះម៉ូតូពីជើងទៅត្បូងមានពាក់មួកសុវត្ថិភាព ពេលមកដល់កន្លែងកើតហេតុ ជនរងគ្រោះបានបើកម៉ូតូជែងរថយន្ត សង្ស័យមានឧបសគ្គខាងមុខ ក៏បែរមកខាងស្តាំដៃវិញ បណ្តាលឲ្យរថយន្តមិនស្គាល់អត្តសញ្ញាណ(បើករត់គេចខ្លួន) បើកស្របទិសគ្នាបុកចំពីក្រោយពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ ហើយត្រូវរបារថយន្តសង្រ្គោះរបស់ស្នងការដ្ឋានដឹកយកទៅ សង្គ្រោះ នៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ ពេលដឹកដល់មន្ទីរពេទ្យ ក៏បានបាត់បង់ជីវិត ដោយសាររបួសធ្ងន់ធ្ងរ ។ ចំណែកម៉ូតូត្រូវរងការខូចខាតយ៉ាងដំណំ យកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ។

នគរបាល ក៏បានបញ្ជាក់ថា មូលហេតុបណ្តាលឲ្យកើតមានគ្រោះថ្នាក់នេះ បណ្តាលមកពីជនរងគ្រោះបើកម៉ូតូជែងក្នុងស្ថានភាពគ្រោះថ្នាក់ ។ សពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ ចំណែករថយន្ត សមត្ថកិច្ចនគរបាលចរាចរណ៍កំពុងស្រាវជ្រាវ ៕ នីមវណ្ណា


ចែករំលែក៖