ព័ត៌មានទាន់ហេតុការណ៍៖

ចោរចិន២នាក់ជាប់ខ្នោះសមត្ថកិច្ច ក្រោយពីលួចកាច់សោម៉ូតូបានសម្រេចបានរយះពេល២៤ម៉ោង

ចែករំលែក៖

ខេត្តសៀមរាប ៖ ជនសង្ស័យជនជាតិចិន ២នាក់ បានធ្វើសកម្មភាពកាច់ សោម៉ូតូនៅកណ្តាលក្រុងសៀមរាប បានសម្រេចរួចជិះជិតដល់ភ្នំពេញ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្តសៀមរាបសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនបាននារសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

លោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ នាយការិយាល័យនគរបាល ព្រហ្មទណ្ឌ កម្រិតស្រាលនៃស្នងការដ្ឋានខេត្តសៀមរាបបានឲ្យដឹងនា រសៀលថ្ងៃទី ១៨នេះថា ដោយទទួលបានបណ្តឹងពីជនរងគ្រោះ និង ទទួលបានបទបញ្ជាពីលោកឧត្តម សេនីយ៍ត្រី ភឹង ចិន្តា រ៉េត ស្នងការរង ទទួលផែនកណ្តាល ព្រហ្មទណ្ឌ និងលោក ឧត្តម សេនីយ៍ ទោទិត្យ ណា រ៉ុង ស្នងការនគរបាលខេត្ត ទើបកម្លាំងនគរបាលជំនាញសហការគ្នា បានដេញតាមចាប់ជនល្មើស ជាជនជាតិ ចិនចំនួន២នាក់ជាក់ស្តែងតែម្តង ។

លោកបន្តថា ប្រតិបត្តិការនេះជោគជ័យទៅបានគឺដោយសារកម្លាំង នគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្តសៀមរាបសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានយ៉ាងល្អ ។ លោកបន្តថាករណីអំពើលួចយកម៉ូតូ ០១ គ្រឿង ម៉ាកហុងដាឃ្លីក កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅចំណុចបាយ័នប៊ូទិក អូតែលស្ថិតនៅ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង / ខេត្តសៀមរាប ។

លោកបន្តថា អង្គហេតុកាលពី ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ ពេលព្រឹក ពុំចាំម៉ោងមាន បុរសជនជាតិ ថៃម្នាក់ បានមកជួលម៉ូតូមួយគ្រឿងម៉ាក ហុងដាឃ្លីក ស៊េរី ឆ្នាំ ២០១២ ពណ៌ក្រហម លាយខ្មៅ ពាក់ស្លាកលេខ បាត់ដំបង ១L-៩៣៤៣ ចំនួនពីរថ្ងៃក្នុងមួយថ្ងៃតម្លៃ១០ ដុល្លារ ពីក្រុមហ៊ុន វិមានណេរទួរ ។ លុះព្រឹកឡើងថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ វេលា ម៉ោង១០ និង ០០ នាទីព្រឹកបុរសជនជាតិថៃខាងលើបានខលមកប្រាប់ ម្ចាស់ក្រុមហ៊ុនថា ម៉ូតូដែលបានជួលត្រូវបានបាត់ ទើបម្ចាស់ក្រុមហ៊ុន ទួ រ បានពិនិត្យមើល GPS ដែលចាប់ជាប់ និងម៉ូតូឃើញថា កំពុងធ្វើដំណើរ នៅភ្នំពេញទើបប្តឹង រាយការណ៍មកសមត្ថកិច្ចតែម្តង ។

លោកបន្ថែមថា បន្ទាប់ពីទទួលបានបណ្តឹងកម្លាំងនគរបាលខេត្តសៀមរាបបានទំនាក់ទំនង សហការ ជាមួយ លោក វរសេនីយ៍ឯក ខេង ម៉េង ឈាង ប្រធានការិយាល័យព្រហ្មទណ្ឌ កំរិតស្រាលនៃនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ លោកក៏បានដឹកនាំចាត់ចែងភ្លាមៗធ្វើការប្រម៉ាញ់ តាមចាប់បានជនសង្ស័យ២ នាក់ជនជាតិចិន ( មិនទាន់ស្គាល់ ឈ្មោះទេ ) និងម៉ូតូជាវត្ថុតាងរួមទាំងសម្ភារៈជាវត្ថុតាងមួយ ចំនួនទៀត ។ បច្ចុប្បន្ន កម្លាំងនគរបាលជំនាញខេត្តសៀមរាបកំពុង ឡើងទៅយកជនសង្ស័យទាំង២នាក់ខាងលើដើម្បី កសាងសំណុំរឿង ចាត់តាមច្បាប់ ៕ប៊ុនរិទ្ធី


ចែករំលែក៖