ខេត្តកំពង់ឆ្នាំង: មានអំពើហិង្សាក្នុងគ្រួសារមួយបានកើតឡើងរវាងប្តីប្រពន្ធ២នាក់ឈ្លោះប្រកែកគ្នា ធ្វើឲ្យប្តីចិត្តភ្លើង ដែលស្រវឹងស្រាស្រាប់ផងនោះ បានលើកចង្រ្កានហ្គាសដែលប្រពន្ធកំពុងចៀនត្រី យកទៅដុតរោងចាំចម្ការខ្លួនឯង បណ្ដាលឲ្យឆេះម៉ដ្ឋ ហើយបានរាលដាលដល់រោងចាំចម្ការរបស់ឪពុកម្តាយក្មេករបស់ខ្លួនមួយខ្នងទៀត។
ហេតុការណ៍នេះកើតឡើងនៅ វេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃ អង្គារ ៨រោច ខែកត្តិក ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣. ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចភូមិកោះតាតូច ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
ជនបង្កមានឈ្មោះ លន់ សុខ ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិស្ទឹងសណ្ដែត ឃុំកំពង់ហៅ ស្រុកកំពង់លែង បានផឹកស្រាស្រវឹង ហើយក៏ឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ ឈ្មោះ ជា ស្រីល័ក្ខ អាយុ ២៣ឆ្នាំ ។ បុរសនេះដោយ ខឹងនឹងប្រពន្ធខ្លាំងពេក ក៏លើកចង្រ្កានហ្គាសដែលប្រពន្ធកំពុងចៀនត្រី យកទៅដុតរោងចាំចម្ការខ្លួនឯង បណ្ដាលឲ្យឆេះ រាលទៅរោងចាំចម្ការរបស់ឪពុកម្តាយក្មេករបស់ខ្លួនមួយខ្នងទៀត ដែលនៅជិតគ្នាខូចខាតទាំងស្រុង ។ បន្ទាប់មកបុរសនេះបានរត់គេចខ្លួនបាត់ ហើយសមត្ថកិច្ចកំពុងតាមចាប់ខ្លួន ៕ ប្រាថ្នា