ប៉ោយប៉ែត៖ ស្រ្តីម្នាក់បានស្លាប់នៅគ្លីនិកឯកជន មួយមានឈ្មោះគ្លីនិកសុខាប៉ោយប៉ែត វេជ្ជបណ្ឌិតវ៉ាន់ ចេស កាលពីយប់ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៩ ឋិតនៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សពរងគ្រោះមានឈ្មោះ ទេព ចន្តា ភេទស្រី អាយុ៤០ឆ្នាំ មានទីលំនៅភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ប្រភពពីសាច់ញាតិនៃសពប្រាប់ថា មុនកើតហេតុស្ត្រីរងគ្រោះមានអការអស់កម្លាំង គ្រានោះសាច់ញាតិបានដឹកទៅពេទ្យ គ្លីនិកខាងលើ ក៏ពិនិត្យដាក់សេរ៉ូមឲ្យអស់ប្រហែលពីរទៅបីប្លោក ដោយក្នុងដំណក់ទឹកសេរ៉ូមធ្លាក់លឿន មួយសន្ទុះក្រោយមក មានសភាពមិនស្រួល បែកពពុះមាត់ ធ្ងន់ ធ្ងរ ក៏ដឹកបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកដីថ្មី ដើម្បីបំភន្ត័ភ្នែកនៅវេលាម៉ោង២៣និង១០នាទី ថ្ងៃទី២០ ខែវិច្ឆិកា ក៏ដាច់ខ្យល់ស្លាប់តែម្ដង ដែលគេអាចសង្ស័យថា ប្រតិលម្មសេរ៉ួម ។
ប្រភពថា គ្លីនិកខាងលើនេះ កាលពីប៉ុន្មានឆ្នាំមុន បានធ្វើឲ្យកូនអធិការរងនគរបាលម្នាក់ស្លាប់ផងដែរ ដោយសម្របសម្រួលគ្នាក្រៅប្រព័ន្ធច្បាប់ រហូតមកដលពេលនេះ ក៏ធ្វើឲ្យស្ត្រីរងគ្រោះខាងលើនេះ បានស្លាប់ម្នាក់ទៀត ។
នៅក្នុងទីក្រុងប៉ោយប៉ែត គេឃើញមានគ្លីនិក ដែលគ្មានបច្ចេកទេសត្រឹមត្រូវភាគច្រើន ដែលធ្វើឲ្យពលរដ្ឋឈមនឺងប៉ះពាល់សុខភាព និងបាត់បង់ជីវិត ព្រោះតែគ្មានវិធានការពីមន្ទីរសុខាភិបាលខេត្តបណ្ដោយឲ្យបើកលក់ថ្នាំ គ្រប់កន្លែងបែបអាណាធិប្បតេយ្យ ។
សពស្ត្រីខាងលើត្រូវបានដឹកមកធ្វើបុណ្យ នៅក្នុងភូមិខាងលើក្នុងនោះ ម្ចាស់គ្លីនិកបានមកទទួលកំហុស ចំពោះសាច់ញាតិ មិនឲ្យមានការប្ដឹងផ្ដល់ និងព្រមទទួលខុសត្រូវដែលខ្លួនប្រព្រឹត្ត រួមទាំងមិនឲ្យសាច់ញាតិបញ្ចេញព័ត៌មានប្រាប់អ្នកណានោះឡើយ ។
ជុំវិញករណីខាងលើនេះ ម្ចាស់គ្លីនិកបានបដិសេធថា ស្ត្រីខាងលើគាត់ស្លាប់នៅមន្ទីរពេទ្យបង្អែក ដោយជំរុញសួរទៅមន្ទីរពេទ្យ ហើយថា ជាប់រវល់ប្រជុំ ។ យ៉ាងណាក៏ដោយ ករណីគ្លីនិកឯកជននៅក្រុងប៉ោយប៉ែត មួយចំនួនដែលធ្វើឲ្យជនរងគ្រោះស្លាប់ ច្រើនតែដាក់កំហុសទៅមន្ទីរពេទ្យបង្អែក មិនទទួលខុសត្រូវនោះទេ គេរង់ចាំមើលថា ម្ចាស់គ្លីនិកមានទោស ចំពោះមុខច្បាប់ដែរ ឬបានត្រឹមតែដោះស្រាយក្រៅប្រព័ន្ធហើយរួចខ្លួន ។
បញ្ហានេះដែរ លោកប្រធានសុខាភិបាលខេត្តបន្ទាយ មានជ័យកែវ សុភត្រា ប្រាប់តាមទូរសព្ទថា លោកមិនទានទទួលព័ត៌មានខាងលើនេះនោះទេ ដោយលោកថា នៅទីក្រុងភ្នំពេញ ចាំលោកទៅពីភ្នំពេញវិញ នឹងស្រាវជ្រាវថា តើព័ត៌មានហ្នឹងបែបណា? ៕ នីមវណ្ណា