ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តស្តារិចមិនចាំស្លាកលេខបុករបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវរថយន្ត ម៉ាស្ដាមួយគ្រឿងបុកពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តគេចបាត់ស្រមោលកាលពីវេលាម៉ោង ១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០១៩ត្រង់ចំណុចប៉ុស្ដិ៍ ២៤ម៉ោង តាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ សាញ់ ភារ៉ា ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅផ្លូវរថភ្លើង ភូមិ១៤ សង្កាត់បឹងកក់ទី ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចយាមនៅប៉ុស្តិ៍ ២៤ ម៉ោងបានឲ្យដឹងថា មុនពេលកើតហេតុ ឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកសង់១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BA-1980 បើកបរដោយបុរសម្នាក់ឯងឆ្លងផ្លូវទិសដៅពីត្បូងទៅជើង ខណៈមកដល់ស្ទុប ២៤ម៉ោង ក៏មានរថយន្តមួយគ្រឿងម៉ាកស្តារិចមិនចាំស្លាកលេខ ធ្វើដំណើរពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ជ្រុលទៅបុកម៉ូតូជនរងគ្រោះពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់សន្លប់ស្តូកស្តឹងរថយន្តបង្កបើករត់គេចបាត់ស្រមោល ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុយកម៉ូតូទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីស្រាវជ្រាវរករថយន្តបង្ក ៕ ចាន់ លីហ្សា


ចែករំលែក៖