ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រឡុកស៊ីម៉ង់ត៍របស់ក្រុមហ៊ុន ថៃហ្គ័រខនស្ត្រាក់សិន ក្រឡាប់ឆេះសង្កត់លើក្មេងស្រីអាយុ៤ឆ្នាំម្នាក់ ស្លាប់យ៉ាងរន្ធត់

ចែករំលែក៖

ភ្នំពេញ៖ ដោយសារតែការធ្វេសប្រហែសរបស់ក្រុមហ៊ុនក្រឡុកស៊ីម៉ង់ត៍ ថៃហ្គ័រខនស្ត្រាក់សិន បានបណ្ដាលឲ្យក្មេងស្រីអាយុ៤ឆ្នាំម្នាក់ ស្លាប់យ៉ាងរន្ធត់ ខណៈដែលរថយន្តក្រឡុកស៊ីម៉ង់ត៍របស់ក្រុមហ៊ុនមួយគ្រឿង បានបើកគេចពីរថយន្តយីឌុកដឹកខ្សាច់ ដែលវ៉ាជែងគេចពីរថយន្តកុងតឺន័រកំពុងឈប់ទិញអីវ៉ាន់ ហើយបើកគេចចូលមកខាងមុខរថយន្តក្រឡុកស៊ីម៉ង់ត៍ ចាប់ហ្វ្រាំងបង្ខំធ្វើឲ្យទាញកង់ក្រឡាប់អូសបុកផ្ទះពលរដ្ឋជាងជួសជុលម៉ូតូ ក្រឡាប់កិនកូនស្រីម្ចាស់ផ្ទះធ្វើម៉ូតូដែលកំពុងអង្គុយហូបនំ ខ្ទេចដងខ្លួន ដាច់ដៃជើង និងបែកក្បាលខ្ទេចគួរឲ្យរន្ធត់ ។ រីឯរថយន្តវិញឆេះយ៉ាងសន្ធោសន្ធៅរហូតដល់ផ្ទុះថែមទៀត ផ្អើលដល់ពលរដ្ឋនៅក្បែរនោះនាំគ្នារត់ចែកជើងគ្នា ហៅរថយន្តពន្លត់អគ្គិភ័យចុះមកជួយធ្វើអន្តរាគមន៍បាញ់ពន្លត់ទាន់ពេលវេលាមិនឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋនោះទេ ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១និង៤០នាទីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្លូវ៥០ម៉ែត្រ ក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ក្មេងស្រីរងគ្រោះដែលស្លាប់មានឈ្មោះ វង សុនិតា អាយុ៤ឆ្នាំ រស់នៅក្នុងបន្ទុកឪពុកម្តាយ ភូមិសង្កាត់ កើតហេតុខាងលើ ។ ចំណែកអ្នកបើកបររថយន្តបង្ក មានឈ្មោះ ភ្លូ ឆាង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរបើកបររថយន្តក្រឡុងស៊ីម៉ង់ត៍ឲ្យក្រុមហ៊ុន ថៃហ្គ័រខកស្ត្រាក់សិន ស្នាក់នៅភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមសម្តីរបស់អ្នកបើកបររថយន្តបង្ក ពេលសមត្ថកិច្ចឃាត់ខ្លួនយកមកសាកសួរ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់បានបើករថយន្តខាងលើម៉ាក HINO ពណ៌ក្រហម(ស) ជាប្រភេរថយន្តក្រឡុកស៊ីម៉ង់ ពាក់ស្លាកលេខ ភ្នំពេញ 5A-1448 ចេញពីផ្លូវបំបែកជា៤ វត្តឬស្សីសាញ់ បត់ឆ្ពោះមកផ្លូវបំបែក៥០ម៉ែត្រ លុះដល់ចំណុចកើតហេតុជាកន្លែងដែលគាត់ធ្លាប់ឈប់រថយន្តទិញអីហូប ដោយបើកបន្ថយល្បឿនតិចៗ ។ ស្រាប់តែពេលនោះក៏មានរថយន្តម៉ាកយីឌុក ដឹកខ្សាច់មួយគ្រឿង បានវ៉ាជែងរថយន្តរបស់គាត់ ហើយក៏អកហ្សឺជាមួយរថយន្តកុងតឺន័រ ដែលកំពុងអែបឈប់ទិញអីវ៉ាន់ ទើបបើកចូលមកស៊កមុខរថយន្តរបស់គាត់ ពេលនេះគាត់ភ័យខ្លាំងពេកទើបសម្រេចចិត្តជាន់ហ្វ្រាំងឈប់ភ្លាមៗ ទើបហ្វ្រាំងទាញចង្កូតក្រឡាប់រថយន្តអូសទៅបុកផ្ទះជួលជុលម៉ូតូខ្ទេចនិងកិនសង្កត់ចំក្មេងស្រីអាយុ៤ឆ្នាំដែលជាកូនម្ចាស់ផ្ទះ បណ្តាលឲ្យខ្ទេចដងខ្លួន ដាច់ដៃជើង ខ្ទេចក្បាលយ៉ាងរន្ធត់បំផុត។ ចំណែករថយន្តវិញ ក្រឡាប់ឆេះយ៉ាងសន្ធោសន្ធៅ រហូតមានការផ្ទុះថែមទៀត ផ្អើលដល់រថយន្តពន្លត់អគ្គិភ័យចុះមកធ្វើការបាញ់ពន្លត់ ។ ចំណែកអ្នកបើកបររថយន្តវិញ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបានផងដែរ ។

ក្នុងនោះ បើតាមសម្តីរបស់បងស្រីជាម្តាយរបស់ក្មេងស្រីរងគ្រោះបាននិយាយថា ពេលដែលឃើញរថយន្តក្រឡាប់មកហើយនោះ គាត់បានចាប់ទាញកូនប្រុសម្នាក់ចេញទាន់ តែកូនស្រីគាត់ម្នាក់ទៀត គាត់ចាប់មិនទាន់ឡើយ ហើយក៏ត្រូវរថយន្តសង្កត់ស្លាប់យ៉ាងរន្ធត់បែបនេះ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានប្រគល់សពក្មេងស្រីរងគ្រោះ ឲ្យសាច់ញាតិក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែករថយន្តខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕ ភារ៉ា ដង្កោ


ចែករំលែក៖