ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូថ្នាំញៀន១៣កញ្ចប់

ចែករំលែក៖

ខេត្តកណ្ដាលៈ  ជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកណ្ដាលស្ទឹង ធ្វើការឃាត់ខ្លួន និងដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាកទឹកកកចំនួន១៣កញ្ចប់ ។ ករណីឃាត់ខ្លួននេះ ធ្វើឡើងនៅវេលាម៉ោង១៣និង២៥នាទី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិខាងជើង  ឃុំអន្លង់រមៀត  ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនសង្ស័យឃាត់ខ្លួនឈ្មោះ  ទែន រិនដា ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ដើមត្រាំង ឃុំអន្លង់រមៀត  ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ ចំណែកវត្ថុតាងដកហូតបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក)ចំនួន១៣កញ្ចប់ (១កញ្ចប់ធំ ,២កញ្ចប់មធ្យម និង១០កញ្ចប់តូច) ,ទូរស័ព្ទដៃ១គ្រឿង និងសំភារៈវេចខ្ចប់ប្រើប្រាស់មួយចំនួនទៀងផងដែរ ។

ប្រភពដដែលបន្ដថា នៅថ្ងៃកើតហេតុ កម្លាំងនគរបាលផ្នែកជំនាញស្រុក បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអន្លង់រមៀត បានធ្វើការល្បាតក្នុងភូមិសាស្រ្តរបស់ខ្លួនដើម្បីការពារសន្ដិសុខជូនប្រជាពលរដ្ឋ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែបានឃើញជនសង្ស័យ ភ្លាមនោះក៏ធ្វើការសួរនាំ និងឆែកឆេរ បានរកឃើញថ្នាំញៀន១២កញ្ចប់តូចនៅក្នុងហោប៉ៅខោរបស់ជនសង្ស័យ រួចក៏ធ្វើការឃាត់ខ្លួនមកកាន់អធិការដ្ឋានតែម្តង ។ ក្រោយពីធ្វើការសួរនាំរួច ជនសង្សយ័បានសារភាពថា ខ្លួនបានលាក់ទុកថ្នាំញៀនមួយកញ្ចប់ធំទៀតនៅក្នុងបន្ទប់ទឹកផ្ទះរបស់ខ្លួន ភ្លាមនោះសមត្ថកិច្ចក៏ឲ្យជនសង្ស័យទៅយកបានមួយកញ្ចប់ធំទៀត ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពទៀតថា ថ្នាំញៀនចំនួន១៣កញ្ចប់នេះ ជារបស់ខ្លួនប្រាកដមែន ដែលខ្លួនបានទិញពីជនសង្សយ័ម្នាក់នៅម្តុំ KTV ឌីយ៉ាម៉ង់ផាលេស ក្រុងតាខ្មៅ ក្នុងតម្លៃ៦០០,០០០រៀល ៕ ស្អាងជ័យ


ចែករំលែក៖