ព័ត៌មានទាន់ហេតុការណ៍៖

ដោតឌុយភ្លើងបូមទឹកឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ ១នាក់ នៅស្រុកកណ្ដៀង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសវ័យចំណាស់ម្នាក់បានឆ្លងចរន្តអគ្គីសនីឆក់ស្លាប់ភ្លាមៗយ៉ាងរន្ធត់ នៅគ្រាដែលជនរងគ្រោះយកឌុយដោតចូលព្រីភ្លើងដើម្បីបូមទឹក ។

ហេតុការណ៍ឆ្លងចរន្តអគ្គីសនីបណ្ដាលឲ្យឆក់មនុស្សស្លាប់ខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៥ និង០០នាទី ល្ងាចថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិពោធិ៍ឡើងឃុំស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

យោងតាមរបាយការណ៍មូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្ដៀង ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ដែក ធាម ភេទប្រុស អាយុ ៦៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ។

របាយការណ៍មូលដ្ឋានកងរាជអាវុធហត្ថបន្តថា ដោយជនរងគ្រោះយកឌុយភ្លើងដោតចូលព្រីដើម្បីបូមទឹក ប៉ុន្តែជាអកុសល់ក៍បានឆ្លងចរន្តអគ្គីសនីឆក់ស្លាប់យ៉ាងរន្ធត់បែបនេះ ករណីខាងលើសមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ សហការចុះស្រាវជ្រាវ និងពិនិត្យយ៉ាងយកចិត្តទុកដាក់ មុនធ្វើកំណត់ហេតុប្រគល់សាកសព ជូនក្រុមគ្រួសារសាច់ញាតិដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យ៕ បុឹម ពិន


ចែករំលែក៖