ខេត្តបាត់ដំបង: សមត្ថកិច្ចនគរបាលខេត្តបាត់ដំបងមួយក្រុមបាននាំគ្នាប្រដេញរថយន្តមួយគ្រឿងដែលមិនដឹងថាប្រព្រឹត្តបទល្មើសអ្វីមួយប្រាកដនោះទេ(សង្ស័យជួញដូរគ្រឿងញៀន) ហើយពេលនោះសមត្ថកិច្ចទាំងនោះបានសហការគ្នាតាមរយៈអាយឌីឲ្យនាយនគរបាលប៉ុស្តិ៍ ឫស្សីក្រាំងដាក់បារ៉ាស់ស្ទាក់ចាប់ តែរថយន្តនោះមកដល់មិនព្រមឈប់ទេបែរជាបន្ថែមល្បឿនបុកបារាស់របួសទាំងនាយនគរបាលប៉ុស្តិ៍ម្នាក់ទៀត ។
ហេតុការណ៍នេះបានកើតមានឡើងកាលពីវេលាម៉ោង ៨ និង៣០នាទីព្រឹក ថ្ងៃ សុក្រ ១១រោច ខែកត្តិក ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣. ត្រូវនឹង ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅភូមិថ្នល់បត់ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្ត្តបាត់ដំបង។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានករណីរថយន្ត១គ្រឿងម៉ាកតូយ៉ូតា កាមរី ពណ៌ស មួយគ្រឿងពាក់ស្លាកលេ ភ្នំពេញ 2-AY 9203 មិនដឹងប្រព្រឹត្តបទល្មើសអ្វីនោះទេ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តបាត់ដំបងបើកប្រដេញតាមផ្លូវជាតិលេខ៥ពីខេត្តបាត់ដំបងទៅស្រុកមោងឫស្សី ។ ពេលនោះនគរបាលខេត្តបានបោះដៃបន្តតាមអាយឌីទៅដែនសមត្ថកិច្ច នគរបាលប៉ុស្តិ៍ឫស្សីក្រាំងឲ្យជួយស្ទាក់ចាប់ ។ ភ្លាមនោះៗ លោកមេប៉ុស្តិ៍ឫស្សីក្រាំងបានដឹកនាំកម្លាំង យកប៉ារ៉ាស់ទៅដាក់បាំងពីមុខ ដើម្បីធ្វើការឃាត់ស្ទាក់រថយន្តខាងលើ តែរថយន្តនេះមកដល់មិនព្រមឈប់ទ្បើយ បែរជាព្យាយាមបើកគេច ទៅបុកលោកមេប៉ុស្តិ៍ បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរខេត្តបាត់ដំបងតែម្តង ។
ប្រភពដដែលបានឲ្យដឹងទៀតថា ជនបង្ក និងរថយន្ត ក៏ត្រូវបានឃាត់ខ្លួនបាននៅពេលនោះផងដែរ ហើយក៏ធ្វើការបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដើម្បីសួរនាំឲ្យដឹងរឿងពិតប្រាកដ និងដើម្បីចាត់ការតាមច្បាប់៕ ប្រាថ្នា