ខេត្តត្បូងឃ្មុំ: សង្វៀនជល់មាន់លួចលាក់មួយកន្លែង ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលជប់ សហការជាមួយនគរបាលស្រុកត្បូងឃ្មុំ ចុះទៅបង្ក្រាប ខណៈក្រុមអ្នកនិយមលេងភ្នាល់ដាក់លុយពូនម្តុំគ្នាលេងមិនញញើតសមត្ថកិច្ចមូលដ្ឋាន តែសមត្ថកិច្ចសោកស្តាយព្រោះអ្នកទាំងនោះដឹងខ្លួនទាន់រត់គេចខ្លួនបាត់អស់ មិនបានឃាត់បានម្នាក់នោះទេ ។
មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលជប់ បានឲ្យដឹងថា ការបង្រ្កាបនេះធ្វើឡើងនៅវេលាម៉ោង ៩ និង ៣៥នាទីព្រឹកថ្ងៃ សុក្រ ១១រោច ខែកត្តិក ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣. ត្រូវនឹង ថ្ងែទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចព្រៃចម្ការចំប៉ី ស្ថិតភូមិទួលទ្រា ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ប្រភពដដែលបានឲ្យដឹងថា ក្នុងករណីនេះ ខណ:សមត្ថកិច្ចទៅដល់សង្វៀនជល់មាន់មួយនេះ ធ្វើឲ្យក្រុមអ្ននិយមលេងភ្នាល់មានជល់ប្រមាណជាង៥០នាក់ នាំគ្នារត់គេចបាត់អស់ សូម្បីម៉ូតូឬកង់មួយគ្រឿង ក៏មិននៅសល់ឡើយទើប កម្លាំងជំនាញបានរុះរើសង្វៀនមានតង់ជ័រ និងសម្ភារៈបម្រើឲ្យការលេងមាន់ជល់មួយចំនួននៅសេសសល់ដុតកម្ទេចចោលទាំងស្រុងនៅនឹងកន្លែងជល់មាន់នេះតែម្តង ៕ ប្រាថ្នា