ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋប្រទះឃើញអាវុធម៉ាក AKមួយដើមដែលមានបង់៤ បង់ និងគ្រាប់ ១២០គ្រាប់ច្រកក្នុងការ៉ុង ក្នុងស្រះទឹកក្បែរមណ្ឌលអប់រំកែប្រែព្រៃស 

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋបានប្រទះឃើញអាវុធម៉ាក AKមួយដើមច្រកក្នុងការ៉ុងនៅស្រះទឹកក្បែរមណ្ឌលអប់រំកែប្រែព្រៃសរួចក៏រាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅពិនិត្យ កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ​ ២០១៩ ។

ការដែលរកឃើញនេះ ខណៈលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានដឹកនាំកម្លាំងមាន៖ លោកនាយប៉ុស្ដិ៍ព្រៃវែង នាយរងប៉ុស្ដិ៍ រួមជាមួយមន្រ្តីប៉ុស្តិ៍ ចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ ពេលមកដល់ភូមិកំរៀង សង្កាត់ព្រៃវែង ស្រាប់តែមានប្រជាពលរដ្ឋមករាយការណ៍ថា បានប្រទះឃើញអាវុធមួយដើម ច្រកក្នុងការ៉ុង នៅក្នុងស្រះទឹកក្បែរមណ្ឌលអប់រំកែប្រែព្រៃស ប្រហែល២០០ម៉ែត្រ។

ក្រោយពីទទួលបានព័ត៌មានភ្លាម លោកអធិការខណ្ឌដង្កោ បានដឹកនាំកម្លាំងចុះទៅដល់ទីតាំង និងបានលើកយកការ៉ុងមកពិនិត្យមើល ឃើញនៅក្នុងការ៉ុងមានអាវុធ ម៉ាកAKស្វាយវែង១ដើម មានបង់៤ បង់ និងគ្រាប់ ១២០គ្រាប់ រួចយកមករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃវែង៕ ភារ៉ា ដង្កោ


ចែករំលែក៖