ក្រោយការចោទប្រកាន់ពីបទប្រល័យពូជសាសន៍ ទៅលើក្រុមជនជាតិ រ៉ូហ៊ីងយ៉ាង ពេលនេះ លោកស្រីអ៊ុង សានស៊ូជី នឹងដឹកនាំគណៈប្រតិភូដោយផ្ទាល់ ទៅកាន់តុលាការក្រុងឡាអេ ដើម្បីការពារក្តី ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទប្រល័យពូជសាសន៍ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា កាន់សាសនាអ៊ីស្លាម។ នេះ គឺជាការគូសបញ្ជាក់ ពីខាងការិយាល័យរដ្ឋាភិបាលភូមាកាលពីថ្ងៃពុធ ទី ២០ វិច្ឆិកាម្សិលមិញ។
សេចក្តីប្រកាសខាងលើរបស់រដ្ឋាភិបាលភូមា បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។ ក៏ប៉ុន្តែសម្រាប់អ្នកវិភាគវិញយល់ឃើញថា ការសម្រេចរបស់លោកស្រីអ៊ុងសាន ស៊ូជី ក្នុងការចេញមុខដោយផ្ទាល់ ការពារក្តី នៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ នៅឯទីក្រុងឡាអេ អាចជាការទាញយកផលចំណេញ ផ្នែកនយោបាយសម្រាប់គណបក្សលោកស្រី។
ដោយឡែក បើតាមការពន្យល់របស់អ្នកនាំពាក្យ នៃគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ របស់លោកស្រីអ៊ុងសាន ស៊ូជី វិញ លោកស្រីស៊ូជី មានហេតុផលច្បាស់ជាក់លាក់ក្នុងការសម្រេចបែបនេះ។ ហេតុផលនោះគឺថា នៅគ្រាកន្លងមក លោកស្រីស៊ូជី ធ្លាប់ទទួលរង នូវការចោទប្រកាន់ជាច្រើន ថាមិនបានអើពើ និង មិនបាននិយាយស្តីអ្វី បន្តិចទាល់តែសោះ ជុំវិញការរំលោភបំពានសិទ្ធិមនុស្ស នៅភូមា។ ហេតុដូចនេះហើយទើប លោកស្រីស៊ូជី សម្រេចចេញមុខដោយផ្ទាល់ ការពារក្តីក្តាំងនេះ។
ការិយាល័យ នៃក្រុមប្រឹក្សារដ្ឋរបស់ប្រទេសមីយ៉ាន់ម៉ា លោកស្រី Aung San Suu Kyi បានប្រកាស កាលពីថ្ងទី២០ ខែវិច្ឆិកា ថា លោកស្រីនឹងដឹកនាំក្រុមអ្នកច្បាប់របស់មីយ៉ាន់ម៉ា ទៅតវ៉ាប្រឆាំងនឹងការចោទប្រកាន់មីយ៉ាន់មា ពីបទ «ប្រល័យពូជសាសន៍លើជនជាតិម៉ូស្លីមរ៉ូហ៊ីងយ៉ា» ដែលប្ដឹងប្រទេសនេះទៅកាន់តុលាការឧក្រិដ្ឋកម្មអន្ដរជាតិ (ICC) នៅក្នុងទីក្រុងឡាអេ ប្រទេសហូល្លង់។
កងទ័ពរបស់ប្រទេសមីយ៉ាន់ បានរងនូវការចោទប្រកាន់ ពីការចាប់រំលោភ និងការសម្លាប់យ៉ាងរង្គាលទៅលើជនជាតិភាគតិចមូស្លីម រ៉ូហ៊ីងយ៉ា នៅក្នុងអំឡុងពេលមានយុទ្ធនាការបោសសម្អាតជាតិសាសន៍ នៅភាគខាងលិចប្រទេសមីយ៉ាន់ម៉ា កាលពីអំឡុងឆ្នាំ២០១៧។ ជនជាតិរ៉ូហ៊ីងយ៉ា ត្រូវរដ្ឋាភិបាលបដិសេធផ្ដល់សញ្ជាតិ និងសិទ្ធិជាប្រជាពលរដ្ឋស្របច្បាប់ដល់ពួកគេ។ ដោយសារតែមានការសម្លាប់យ៉ាងរង្គាលបែបនេះ ទើបធ្វើឲ្យជនជាតិរ៉ូហ៊ីងយ៉ាង ប្រហែល៧សែននាក់ បានរត់ភៀសខ្លួនទៅរស់នៅក្នុងជំរំជនភៀសខ្លួន លើទឹកដី នៃប្រទេសបង់ក្លាដែស។
អ្នកនាំពាក្យយោធាមីយ៉ាន់ម៉ា (ភូមា) បាននិយាយ នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ថាទាំងយោធា និងរដ្ឋាភិបាលស៊ីវិលរបស់ប្រទេសនេះ គឺនៅពីក្រោយការសម្រេចចិត្តរបស់ម្ចាស់ពានរង្វាន់ណូបែល ដើម្បីការពារប្រទេសរបស់លោកស្រី អំពីការចោទប្រកាន់ពីបទប្រល័យពូជសាសន៍ នៅតុលាការកំពូលរបស់របស់អង្គការសហប្រជាជាតិមួយនេះ។
ប្រទេស Gambia បានប្ដឹងករណីប្រល័យពូជសាសន៍ទៅកាន់តុលាការ ICC ប្រឆាំងនឹងប្រទេសភូមានេះ ក្នុងនាមខ្លួនជាអង្គការសហប្រតិបត្ដិការអ៊ិស្លាម ហើយតុលាការកំពូលរបស់ UN មួយនវ នឹងបើកសវនាការជាសាធារណៈ នៅថ្ងៃទី១០-១២ ខែធ្នូ ខាងមុខនេះ។
នៅក្នុងករណីបណ្ដឹងខាងលើនេះដែរ រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌របស់ប្រទេសហ្គាមបៀ និងអគ្គមេធាវី លោក Abubacarr Marie Tambadou បានថ្លែងថា យើងចង់ផ្ញើសារឲ្យបានច្បាស់ទៅកាន់ប្រទេសភូមា និងសហគមន៍អន្ដរជាតិថាថ ពិភពលោកនឹងមិននៅស្ងៀម និងឱបដៃមើលនូវការសម្លាប់យ៉ាងរង្គាលបែបនេះទេ។
រដ្ឋាភិបាលមីយ៉ាន់ម៉ា បានបដិសេធការសម្រេចចិត្តរបស់តុលាការឧក្រិដ្ឋកម្មអន្ដរជាតិ (ICC) ដើម្បីអនុញ្ញាតឲ្យរដ្ឋអាជ្ញា បើកការស៊ើបអង្កតទៅលើឧក្រិដ្ឋកម្មនានា ប្រឆាំងនឹងជនជាតិភាគតិចមូស្លីម រ៉ូហ៊ីងយ៉ា (Rohingya)។
លោក Zaw Htay អ្នកនាំពាក្យរដ្ឋាភិបាលមីយ៉ាន់ម៉ា (ភូមា) បានថ្លែងថា មីយ៉ាន់ម៉ា បានប្រកាន់នូវជំហររបស់ខ្លួនថា តុលាការដែលមានមូលដ្ឋាន នៅក្នុងប្រទេសហូល្លង់ មិនមានយុត្តាធិការមកលើសកម្មភាពរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា នោះទេ។
តុលាការ ICC បានបើកការស៊ើបអង្កេតទៅលើករណីឧក្រិដ្ឋកម្មនេះ ដោយសារតែប្រទេសមីយ៉ាន់ម៉ា រងការចោទប្រកាន់ពីការសម្លាប់យ៉ាងរង្គាលទៅលើជនជាតិភាគតិចមូស្លីម រហូតនាំឲ្យមានជនជាតិរ៉ូហ៊ីងយ៉ា ៧សែននាក់ បានរត់ភៀសខ្លួន ទៅរស់នៅក្នុងជំរំសុវត្ថិភាព នៅលើទឹកដីបង់ក្លាដែស។ ICC មានយុត្តាធិការ ចាប់តាំងពីបង់ក្លាដែស ជាភាគីមួយសម្រាប់តុលាការICC ហើយករណីនេះ ក៏អាចពាក់ព័ន្ធនឹងការបង្ខំឲ្យនិរទេស នៃជនជាតិភាគតិចរ៉ូហ៊ីងយ៉ាងផងដែរ។
ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ក៏មិនទាន់មានការធ្វើមាតុភូមិនិវត្តន៍ជាផ្លូវការដលើជនជាតិមូស្លីម រ៉ូហ៊ីងយ៉ា នៅឡើយ ហើយសកម្មជនសិទ្ធិមនុស្ស តែងតែចោទប្រកាន់រដ្ឋាភិបាល មិនបានបង្កើតលក្ខខណ្ឌសុវត្ថិភាព សម្រាប់ការនិវត្តន៍របស់ពួកគេ។
តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោះស្រាយជម្លោះ រវាងប្រទេសនានា ខណៈតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ស្វែងរកការកាត់ទោសបុគ្គលដែលទទួលខុសត្រូវ ចំពោះអំពើឧក្រិដ្ឋកម្ម។ តុលាការទាំងពីរនេះ សុទ្ធតែមានមូលដ្ឋាន នៅក្នុងទីក្រុងឡាអេ ប្រទេសហូល្លង់ ដូចគ្នា៕